
( សៀមរាប ): បន្ទាប់ពីទទួលបានព័ត៌មានពីករណីក្មេងទំនើង ១ ក្រុមភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ធ្វើការនាំខ្លួនជនសង្ស័យចំនួន ៧ នាក់មកសាកសួរនាំជាបន្តបន្ទាប់ នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ។

បើតាមកម្លាំងនគរបាលខេត្តសៀមរាបបានឲ្យដឹងថា ក្រុមជនសង្ស័យទី ១/ឈ្មោះ គុណ ណារីន ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិចែកខ្សាច់ក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប (មានសារធាតុញៀនក្នុងខ្លួន) ២/ឈ្មោះ ឡាញ់ លិញជៅ ហៅជី ភេទ ប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិខ្សាច់ក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប (មានសារធាតុញៀនក្នុងខ្លួន)ទី ៣/ឈ្មោះ ប៉ុញ បញ្ញា ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអន្លង់សំណរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ទី ៤/ឈ្មោះ ហេង វិច្ឆិកា ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ចំបក់ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ទី ៥/ឈ្មោះ ឃី នូរ៉ា ហៅពេ ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិអន្លង់សំណរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ទី ៦/ឈ្មោះ យន់ ប៊ុនលាប ហៅហ៊ុច ភេទ ប្រុស អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិតាគឹមក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប និងទី ៧/ឈ្មោះ ពេញ សិលា ហៅឈុយ ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរ គ្មាន មានទីលំនៅបច្ចុប្បន្ន ភូមិចែកខ្សាច់ក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។

នគរបាលខេត្តសៀមរាបបន្តថា ដោយនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ វេលាម៉ោង ១៧ និង ០០ នាទី មានក្រុមជនសង្ស័យ ១ ក្រុម បានធ្វើសកម្មភាពយកកាំបិតដាវ កាប់មកលើជនរងគ្រោះ ឈ្មោះ ទ ស វ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិស្ពានត្នោត ១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប និងមិត្តភក្តិចំនួន ៧ នាក់ទៀត ដែលកំពុងឈប់ម៉ូតអង្គុយលេងចំណុចទួល ព្រៃស្វាយ ស្ថិតនៅភូមិពន្លឺព្រះផុស ដោយក្រុមជនសង្ស័យ បានដេញកាប់ទៅលើក្រុមជនរងគ្រោះ ដោយពេលនោះ ក្រុមជនរងគ្រោះ បាននាំគ្នារត់ចោលម៉ូតូយករួចខ្លួន បន្ទាប់មកក្រុមជនសង្ស័យ បានធ្វើសកម្មភាព កាប់ទៅលើម៉ូតូរបស់ក្រុមជនរងគ្រោះ ចំនួន ៣ គ្រឿង បណ្តាលឲ្យខូចខាតទាំងស្រុង ក្រោយពេលធ្វើសកម្មភាពហើយ ក្រុមជនសង្ស័យ បានគេចខ្លួនបាត់អស់ ។

នគរបាលបន្ថែមទៀតថា ក្រោយធ្វើការសួរនាំនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានឆ្លើយសារភាពថា កន្លងមកក្រុមពួកខ្លួនមានទំនាស់ពាក្យសម្តីជាមួយក្រុមជនរងគ្រោះ លុះដល់ថ្ងៃកើតហេតុខាងលើពួកខ្លួន និងបក្សពួក ពិតជាបានធ្វើសកម្មភាពយកដាវ ១ ដើម ទៅកាប់ក្រុមជនរងគ្រោះដែល កំពុងអង្គុយលើម៉ូតូត្រង់ចំណុចខាងលើពិតប្រាកដមែន ក្នុងពេលដែលពួកខ្លួនចុះទៅធ្វើសកម្មភាព ក្រុមជនរងគ្រោះ បានរត់យកយករួចខ្លួន ទើបពួកខ្លួនបានធ្វើសកម្មភាព កាប់ទៅលើម៉ូតូជនរងគ្រោះចំនួន ៣ គ្រឿង បណ្តាលឲ្យខូចខាតទាំងស្រុង ។
បច្ចុប្បន្នវត្ថុតាងដែលសមត្ថកិច្ចដកហូតមានដាវចំនួន ១ ដោយឡែកបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
