You are currently viewing អភិបាលខេត្តត្បូងឃ្មុំ និងក្រុមប្រឹក្សាខេត្ត អញ្ជើញកាន់កាន់បិណ្ឌ និងរាប់បាត្រ បង្សុកូល បិណ្ឌវេនទី៦ នៅវត្តបទុមរតនារាម(វត្តមេមត់)

អភិបាលខេត្តត្បូងឃ្មុំ និងក្រុមប្រឹក្សាខេត្ត អញ្ជើញកាន់កាន់បិណ្ឌ និងរាប់បាត្រ បង្សុកូល បិណ្ឌវេនទី៦ នៅវត្តបទុមរតនារាម(វត្តមេមត់)

(ត្បូងឃ្មុំ): ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ រួមជាមួយនឹងសមាជិកក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្ត, មេបញ្ជាការ-មេបញ្ជាការង កងកម្លាំងទាំងបី, អភិបាល-អភិបាលរង និងមន្ត្រីនៃរដ្ឋបាលស្រុក ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ ជុំវិញខេត្ត បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី ៦ នៅវត្តបទុមរតនារាម (វត្តមេមត់) ស្ថិតនៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៥ ។

ក្នុងឱកាសដែល ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត បានរៀបចំពិធីសូត្រមន្តកាន់បិណ្ឌវេនទី ៦ នេះ ឯកឧត្តម ប៉ែន កុសល្យ បានដឹកនាំ សមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត មេបញ្ជាការ-មេបញ្ជាការងនៃកងកម្លាំងទាំងបី អភិបាល-អភិបាលរង និងមន្ត្រីរដ្ឋបាលស្រុក មន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ ជុំវិញខេត្ត អញ្ជើញអុចទៀន ធូប ថ្វាយគ្រឿងសក្ការៈបូជាព្រះ រាប់បាដ្ឋ បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា និងញាត្តិកាលទាំង ៧ សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ និងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ ដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី ពីចោរសៀមឈ្លានពាន ។

ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី ៦ នេះដែរ ឯកឧត្តម ប៉ែន កុសល្យ រួមនឹងក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត ក៏បានវេប្រគេននូវទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបភោគ-បរិភោគ ជាច្រើន និងប្រគេនបច្ច័យដល់ព្រះសង្ឃ ដើមី្បយកទៅកសាងសមិទ្ធិផលនានា នៅក្នុងទីអារាមនៃវត្តបទុមរតនារាម នេះ ផងដែរ ។

គួររំលឹកដែរថា ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងវិញ ក្រោយពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល-ពត ត្រូវបានផ្តួលរំលំ ។ ជាមួយគ្នានេះ ក្រោមការបើកទូលាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្តេចចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភា និងឥស្សរជនឆ្នើមជាច្រើនរូបទៀត និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ។ ជាក់ស្តែង បានធ្វើឲ្យវិស័យពុទ្ធចក្រ នៅកម្ពុជាយើង មានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ៕