
( ត្បូហឃ្មុំ ): លោក ចេង ប៊ុណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង៤២៨ម៉ែត្រ ទទឹងខ្នងលើ៥ម៉ែត្រ ជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៥ នៅឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ស្របទៅតាមលក្ខណៈបច្ចេកទេសដែលបានកំណត់ទៅតាមនីតិវិធីលទ្ធកម្ម ។
ការចុះពិនិត្យនាពេលនេះ ធ្វើឡើងនៅរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ ដោយមានការចូលរួមពី នាយករងរដ្ឋបាលសាលាខេត្ត នាយក/នាយករងទីចាត់ការផែនការ និងវិនិយោគខេត្ត អភិបាលរងស្រុក លោកមេឃុំ និងគណកម្មការឃុំទាំង ៤ មន្រ្តីបច្ចេកទេស តំណាងក្រុមហ៊ុនដេញថ្លៃ និងអ្នកពាក់ព័ន្ធផងដែរ ។
លោក ចេង ប៊ុណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា ក្រោយពីដំណើរការសាងសងផ្លូវ ១ ខ្សែនេះ ត្រូវបានបញ្ចប់ សូមលោក-លោកស្រី ជាក្រុមហ៊ុនទទួលបានសិទ្ធសាងសងផ្លូវមូលនិធិឃុំទាំងអស់ ត្រូវអនុវត្តន៍អោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដោយធ្វើយ៉ាងណា អនុវត្តគម្រោងសាងសង់ផ្លូវនេះ ប្រកបដោយគុណភាព បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋបានយូអង្វែង ។
ទន្ទឹមនោះ លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា រាល់ការសាងសងផ្លូវគម្រោងមូលនិធិឃុំ ចាំបាច់ត្រូវតែអនុវត្តន៍ គោរពតាមគោលការណ៍អោយបានត្រឹមត្រូវ ទៅតាមនីតិវិធីលទ្ធកម្ម ដែលបានចែងក្នុងសៀវភៅណែនាំស្ដីពីការអនុវត្តន៍គម្រោងមូលនីធិឃុំ/សង្កាត់ជាធរមាន ធានាបានតម្លាភាព យុត្តិធម៌ គុណភាព ដែលរដ្ឋបាលមូលដ្ឋានទទួលយកបានទាំងអស់គ្នា ។
លោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត បានស្នើដល់បណ្តាញសារព័ត៌មានមួយចំនួនតូច ដែលបានធ្វើការចុះផ្សព្វផ្សាយលើប្រព័ន្ធបណ្តាញសង្គម ដោយបាននិយាយ បំភ្លៃការពិត គ្មានមូលដ្ឋានប្រភពព័ត៌មានត្រឹមត្រូវច្បាស់លាស់ និងខុសពីការពិតជាក់ស្តែង សូមធ្វើការផ្សព្វផ្សាយកែតម្រូវសារឡើងវិញ ដើម្បីកុំអោយសាធារណជន និង ប្រជាពលរដ្ឋមានការយល់ច្រឡំ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូរមកលើរដ្ឋបាលឃុំ ។
បន្ទាប់ពីលោកអភិបាលរងខេត្ត ចុះពិនិត្យទំហំមុខកាត់ឆ្អឹងដែក ការចងដែកឆ្ងឹង , ខ្នាតប្រវែងទទឹង បណ្តោយ កម្រាស់ផ្លូវ បេតុងអាមេ និងការរៀបចំបង្ហាប់គ្រឹះផ្លូវ ។ ល ។ ជាមួយគ្នានោះ លោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត និងជនបង្គោលប្រចាំការត្រួតពិនិត្យ មេភូមិ តំណាងប្រជាពលរដ្ឋ ឃើញថាផ្លូវបេតុងមួយខ្សែនេះបានសាងសង់ឡើងគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវពិតប្រាកដមែន ។
បើតាមរបាយការណ៍របស់លោក ម៉ែន សំអល មេឃុំមេមត់ បានឲ្យដឹងថា ៖រដ្ឋបាលឃុំមេមត់ មានគណៈកម្មការគ្រប់គម្រោង មានជនបង្គោលឃុំ សម្រាប់ចុះពិនិត្យជាប្រចាំជាមួយក្រុមជាងក្រុម ហ៊ុនឈ្មោះ កុប សុភួង ក្នុងតម្លៃ ១១៣.៤២០.០០០ រៀល ហើយការលាយបេតុងអាមេសាងសង់ផ្លូវប្រវែង ៤២៨ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និង កំរាស់ ០,១៥ ម៉ែត្រ តាមរូបមន្តរបស់បច្ចេកទេស 1.2.3 រីឯដែកគឺក្នុងកិច្ចសន្យាប្រើដែក ៨ លី ជាពិសេស គណៈកម្មការលទ្ធកម្មឃុំ បានអនុវត្តតាមការណែនាំ ស្តីពីការ ពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ។
លោកមេឃុំ បានបញ្ជាក់បន្ថែមថា ចំពោះសមិទ្ធផលនៃការអនុវត្តគម្រោងមូលនិធិឃុំមេមត់ នាពេលកន្លងមកនេះ គឺប្រជាពលរដ្ឋក្នុងឃុំទាំងមូល មានការសប្បាយរីករាយ ការសាទរ និងពេញចិត្តជាខ្លាំង ដោយមិនមានការរិះគន់ ពីប្រជាពលរដ្ឋនោះទេ មានតែទទួលយកនូវសមិទ្ធផលថ្មីនោះ ដែលខុសពីការចុះផ្សាយរបស់បណ្តាញសារព័ត៌មានមួយ ចំនួនតូចដែលបានចុះផ្សាយមិនពិត ដោយមិនបានមើលកិច្ចសន្យាគម្រោងផងដែរ ៕








