(ត្បូងឃ្មុំ): ឯកឧត្តម រស់ សុដែន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះកិច្ចសន្យាផលិតកម្មកសិកម្ម ទិញ-លក់ជ័រកៅស៊ូទឹក ជ័រកៅស៊ូបង្កក ម្រេច ពោតក្រហម និងស្រូវ រវាងក្រុមហ៊ុនចំការកៅស៊ូមេមត់ ក្រុមហ៊ុន FUCHS កម្ពុជា ឯ.ក និងសហគមន៍កសិកម្ម នៅសណ្ឋាគារ ភី អែន ធី ផលលេស ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៦ ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានថ្លែងថា ការរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម រវាងសហគមន៍កសិករ និងក្រុមហ៊ុនឯកជនធំៗ នាពេលនេះ គឺដើម្បីធានាទីផ្សារ និងតម្លៃ ជូនកសិករ ក្នុងខេត្តត្បូងឃ្មុំ ហើយការចុះកិច្ចសន្យានាពេលនេះ សរុប ១០ កិច្ចសន្យា រួមមាន ជ័រកៅស៊ូ ចំនួន ៧ កិច្ចសន្យា (បរិមាណ ១.០៦០ តោន), ម្រេចខ្មៅសុវត្ថិភាព ចំនួន ១ កិច្ចសន្យា (បរិមាណ ១០០ តោន), ស្រូវសែនក្រអូប ចំនួន ១ កិច្ចសន្យា (បរិមាណ ២៦,៥០ តោន), ពោតក្រហម ចំនួន ១ កិច្ចសន្យា (បរិមាណ ១៥០ តោន) តម្លៃទឹកប្រាក់សរុប ប្រមាណ ១.៣០០.០០០ ដុល្លារអាមេរិក ។

លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា យន្តការកិច្ចសន្យានេះ គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការជួយកសិករឱ្យចាកចេញពីការលក់ដូរតាមរយៈឈ្មួញកណ្តាល ដែលគ្មានស្ថិរភាពតម្លៃ ហើយតាមរយៈកិច្ចសន្យានេះ ក្រុមហ៊ុនធំៗ មានដូចជា ក្រុមហ៊ុនចំការកៅស៊ូមេមត់ និងក្រុមហ៊ុនហ្វុកហ៍ កម្ពុជា ឯ.ក បានប្តេជ្ញាទិញកសិផលក្នុងតម្លៃខ្ពស់ជាងទីផ្សារ និងផ្តល់ប្រាក់លើកទឹកចិត្តដល់សហគមន៍ថែមទៀតផង ។

លោក គន់ រ័ត្នមុនី បានមានប្រសាសន៍ថា ការចុះកិច្ចសន្យានេះ គឺជា “ស្ពាន” ដ៏សំខាន់ដែលជួយឱ្យបងប្អូនកសិករមានភាពកក់ក្តៅ លែងព្រួយបារម្ភរឿងខ្វះទីផ្សារ ឬការទម្លាក់តម្លៃពីឈ្មួញកណ្តាល ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ។

លោកអភិបាលរងខេត្តបន្តថា សកម្មភាពនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល អាណត្តិទី ៧ តាមរយៈផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើអាទិភាពទី ៥ និងទី ៦ ដែលផ្តោតលើការការពារផលប្រយោជន៍កសិករ តាមរយៈយន្តការសម្របសម្រួលតម្លៃកសិផល ។

លោក គន់ រ័ត្នមុនី បន្ថែមថា ការចុះហត្ថលេខានាពេលនេះ ធ្វើឡើងរវាងសហគមន៍កសិកម្មក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ជាមួយបណ្តាក្រុមហ៊ុនប្រមូលទិញ គឺដើម្បីបង្កើតទំនុកចិត្តទ្វេភាគី ក្នុងនោះក្រុមហ៊ុនទទួលបានផលិតផលមានគុណភាពតាមស្តង់ដារ ចំណែកកសិករក៏ទទួលបានតម្លៃលក់មួយដែលសមរម្យ និងមានស្ថិរភាព។ ដែលនេះ គឺជាជំហានថ្មីមួយទៀតក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការធ្វើកសិកម្មតាមបែបទំនើប និងមានកិច្ចសន្យាច្បាស់លាស់ ។

ឯកឧត្តម រស់ សូដែន បានថ្លែងថា ការចុះកិច្ចសន្យានាពេលនេះ គឺជាជំហានរីកចម្រើនថ្មីមួយទៀត នៃវិស័យកសិ-ឧស្សាហកម្ម ក្នុងខេត្តត្បូងឃ្មុំ ដែលជួយឱ្យកសិករលែងព្រួយបារម្ភរឿងគ្មានអ្នកទិញ ឬតម្លៃធ្លាក់ចុះខ្លាំងនៅពេលប្រមូលផល ហើយផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជាយន្តការ “ឈ្នះ-ឈ្នះ” ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងជំរុញយ៉ាងសកម្ម ដើម្បីកាត់បន្ថយហានិភ័យទីផ្សារ និងលើកកម្ពស់ជីវភាពកសិករ ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តឱ្យភាគីទាំងពីរ (កសិករ និងក្រុមហ៊ុន) ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ដោយត្រូវគោរពតាមបទដ្ឋានបច្ចេកទេស និងបរិមាណដែលបានព្រមព្រៀង។ ទន្ទឹមនេះដែរ យន្តការដោះស្រាយដោយសន្តិវិធី ត្រូវប្រើប្រាស់ក្នុងការពិភាក្សា និងការយោគយល់គ្នា នៅពេលមានបញ្ហាប្រឈម ឬការប្រែប្រួលទីផ្សារកើតឡើង ៕
