You are currently viewing

(ត្បូងឃ្មុំ): ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានដឹកនាំផ្ទាល់នូវកម្លាំងចម្រុះខេត្ត សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចុះអនុវត្តប្រតិបត្តិការរដ្ឋបាលចំហ ដើម្បីត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា (Online Scam) នៅក្នុងភូមិត្រពាំងផ្លុងទី ១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាតំបន់ជាប់ព្រំដែនកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ ។


ជាលទ្ធផលបឋមនៃប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញទីតាំងចំនួន ១ កន្លែង មានសកម្មភាពលួចលាក់ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Online Scam) ជាក់ស្តែង ទីតាំងចំនួន ២ កន្លែង រកឃើញមានជនបរទេសស្នាក់នៅប្រមូលផ្ដុំគ្នា ដែលតម្រូវឱ្យមានការត្រួតពិនិត្យឯកសារ និងសកម្មភាពឱ្យបានលម្អិត ។


ឯកឧត្តម ប៉ែន កុសល្យ បានបញ្ជាក់ពីគោលជំហរដាច់ខាតក្នុងការគាំទ្រ និងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកម្ចាត់រាល់ការឆបោកតាមប្រព័ន្ធអនឡាញ ។


ឯកឧត្តមបានបញ្ជាក់ថា «ខេត្តត្បូងឃ្មុំ មិនមែនជាទីជម្រកសុវត្ថិភាពរបស់ជនល្មើសឡើយ តែគឺជាឋាននរករបស់ឧក្រិដ្ឋជនទាំងឡាយណា ដែលបម្រុងមកបង្កគ្រោះថ្នាក់ដល់សន្តិសុខសង្គម» បន្ថែមលើសពីនេះ រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការណ៍ក្តៅ ដោយដាក់កម្លាំងប្រចាំការ ២៤ ម៉ោង លើ ២៤ ម៉ោង នៅតាមច្រកចេញ-ចូលនៃទីតាំងគោលដៅសរុបចំនួន ៩ កន្លែង (ក្នុងនោះមានកាស៊ីណូមានអាជ្ញាបណ្ណ ៤ កន្លែង និងការដ្ឋានសាងសង់-មណ្ឌលអាជីវកម្ម ៥ កន្លែង) ដើម្បីទប់ស្កាត់ដាច់ខាតមិនឱ្យមានលំហូរចូលថ្មីនៃជនបរទេស ដែលអាចមកបម្រើឱ្យសកម្មភាពខុសច្បាប់ ហើយទីតាំងទាំង ៩ ដែលស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងបំផុតរួមមាន បណ្តាកា ស៊ីណូ៖ GRAND GOLDEN, XAMAT, រ៉ុងស៊ីងទីរីសត និង ឃីងរូស្ទ័រអេនធើធេនម៉ិន តំបន់សេដ្ឋកិច្ច និងការដ្ឋាន ទីតាំង ប៉ាយ អ៊ុ សួនឧស្សាហ៍កម្មផ្លូវ ៧២ ការដ្ឋានភូមិបុស្សចេក ទីតាំង ជើង ពី (GOLDBI RESORT) និង ការដ្ឋាន ២៦០ ៕