You are currently viewing សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកព្រះរាជអំណោយសម្តេចព្រះមហាក្សត្រី ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១.៨០០ គ្រួសារ នៅខេត្តត្បូងឃ្មុំ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកព្រះរាជអំណោយសម្តេចព្រះមហាក្សត្រី ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១.៨០០ គ្រួសារ នៅខេត្តត្បូងឃ្មុំ

( ត្បូងឃ្មុំ ): សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា មកចែកជូនប្រជានុរាស្ត្រងាយរងគ្រោះបំផុតចំនួន ១.៨០០ គ្រួសារ ដែលបានរងផលប៉ះពាល់ដោយទឹកជំនន់ធ្ងន់ធ្ងរ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៥ ស្ថិតនៅទីទួលសុវត្ថិភាពឧកញ៉ា វ័ន ប៊ុនថៃ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ។


ដែលអំណោយទាំងអស់នោះ ត្រូវបានចាត់ចែងទិញពីព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ២០.០០០ ដុល្លារអាម៉េរិក ដែលសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានកាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ ។


ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំនូវព្រះរាជបន្ទូល និងព្រះសវណីយ៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយព្រះរាជហឫទ័យនឹករលឹក និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅពីព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាល ព្រះអង្គទាំងទ្វេតែងតែគិតគូរពីសុខទុក្ខប្រជានុរាស្ត្ររបស់ព្រះអង្គ គ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ។


ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមដែលបានផ្តល់ជូនគ្រួសារនីមួយៗរួមមាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ប្រេងឆារ សាប៊ូដុសខ្លួន ម្សៅសាប៊ូកញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ១ កញ្ចប់ ក្រៅពីនេះ ក៏មានការឧបត្ថម្ភបន្ថែមពី ឯកឧត្តម វង សូត អនុប្រធានទី ២ រដ្ឋសភា និងក្រុមតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ នូវថវិកាចំនួន ៥០.០០០ រៀលក្នុងមួយគ្រួសារ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ក៏បានឧបត្ថម្ភបន្ថែមនំប៉័ងសាប ១ ដើម និងទឹកបរិសុទ្ធ ។ ចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីក្នុងវ័យបន្តពូជ ក៏ទទួលបានបន្ថែមនូវកញ្ចប់អនាម័យសម្រាប់ស្ត្រី ដែលជាអំណោយរបស់មូលនិធិអង្គការសហប្រជាជាតិ ដើម្បីប្រជាជន (UNFPA) ។


លោកជំទាវ អ៊ូ ធីតាពៅ គួច ចម្រើន ក៏បានឧបត្ថម្ភថវិកាចំនួន ១០.០០០ ដុល្លារអាម៉េរិក ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការមនុស្សធម៌ផងដែរ ។


ក្នុងឱកាសដ៏មហានក្ខត្តឫក្សនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានឧបត្ថម្ភថ្នាំពេទ្យបញ្ចុះកម្តៅ និងព្យាបាលផ្តាសាយប្រភេទ ACETA-SANT 500 ចំនួន ៨ កេស (ស្មើនឹង ៧៦.៨០០ គ្រាប់) ជូនមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងចំនួន ៨ កេសទៀត ជូនដល់មន្ទីរសុខាភិបាលខេត្តកំពង់ចាម ដើម្បីចាត់ចែងបន្តដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពក្នុងខេត្តនីមួយៗផងដែរ ៕

filter: 0; fileterIntensity: 0.0; filterMask: 0; module: j;
hw-remosaic: 0;
touch: (-1.0, -1.0);
modeInfo: ;
sceneMode: 32768;
cct_value: 0;
AI_Scene: (-1, -1);
aec_lux: 259.6021;
hist255: 0.0;
hist252~255: 0.0;
hist0~15: 0.0;