( ត្បូងឃ្មុំ ): ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីឆ្ពោះទៅការប្រកួតប្រជែងសិស្សពូកែថ្នាក់ជាតិ ។

ឯកឧត្ដមជំរុញ និងផ្ដាំផ្ញើរបែបនេះ ក្នុងពិធីដែលឯកឧត្តមអញ្ជើញជួបសំណេះសំណាលជាមួយសិស្សេជាបេក្ខភាពជ័យលាភី សិស្សពូកែថ្នាក់ខេត្តពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ១២ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា ឆ្នាំ ២០២៦ នៅសាលប្រជុំអាគារបូព៌ា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦ ។

លោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានលើកឡើងថា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នេះ មានបេក្ខជនដាក់ពាក្យប្រកួតប្រជែងសិស្សពូកែថ្នាក់ខេត្តសរុបចំនួន ១.៣៥៤ នាក់ ស្រី ៩៣១ នាក់ ឆ្លងកាត់ការប្រកួតប្រជែងសម្រិតសម្រាំងដោយការប្រឡងជម្រុះ សិស្សពូកែពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ១២ យើងទទួលបានបេក្ខភាពជ័យលាភី ចំនួន ១៨០ នាក់ ស្រី ១០០ នាក់ មកពីបណ្តាសាលាអនុវិទ្យាល័យ-វិទ្យាល័យរដ្ឋ និងឯកជនចំនួន ៩០ ទូទាំងខេត្តត្បូងឃ្មុំ ដោយជ័យលាភីដែលបានកំណត់ គឺយកពីលេខ ១ ដល់លេខ ១០ តាមលំដាប់ពិន្ទុនៃមុខវិជ្ជានីមួយៗគ្រប់កម្រិតថ្នាក់ផងដែរ ។

ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍សាទរ និងកោតសរសើរចំពោះការយកចិត្តរបស់មន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ ជាពិសេសលោកគ្រូ អ្នកគ្រូ តាមបណ្តា អនុវិទ្យាល័យ-វិទ្យាល័យរដ្ឋ និងឯកជន ដែលបានខិតខំបង្ហាត់បង្រៀនប្អូនៗជាយុវជន សិស្សានុសិស្ស ឱ្យក្លាយជាសិស្សឆ្នើម ពូកែសម្រាប់ខេត្តត្បូងឃ្មុំយើង ។

ឯកឧត្តម អភិបាលខេត្តក៏បានបញ្ជាក់ទៀតថា ការអប់រំ គឺជាកត្តាគន្លឺះសំខាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយសម្ថភាព គុណវុឌ្ឍិ និងជាសសរទ្រូងដ៏រឹងមាំសម្រាប់សង្គមជាតិកម្ពុជាយើងទាំងមូល ស្របតាមយុទ្ធសាស្ត្រដែលបានដាក់ចេញរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧ នេះ ហើយធនធានមនុស្សទៀយសោត គឹជាគន្លឹះសំខាន់ក្នុងការជួយជម្រុញដល់សេដ្ឋកិច្ចសង្គម ឆ្ពោះទៅកម្ពុជាឆ្នាំ ២០៥០ ដែលជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ។

ឯកឧត្តមបន្តថា ការជាប់សិស្សពូកែថ្នាក់ខេត្តនេះ ជាផ្លូវសម្រាប់ប្អូនៗ ប៉ុន្តែសូមកុំគិតថា ត្រឹមតែពូកែក្នុងថ្នាក់រៀន និងសាលាគឺគ្រប់គ្រាន់ ប្អូនៗត្រូវរៀនសូត្រអ្វីដែលថ្មីៗ ដើម្បីធ្វើយ៉ាងណាពង្រឹងសម្ថភាពឱ្យកាន់តែខ្លាំង ស្របតាមយុគសម័យឌីជីថល ។
ឯកឧត្តមបានថ្លែងអំណរគុណដល់អាណាព្យាបាលដែលតែងយកចិត្តទុកដាក់ ជម្រុញកូនៗឱ្យសិក្សារៀនសូត្រ ហើយសូមបន្តជម្រុញបន្ថែមទៀត ដើម្បីឱ្យពួកគេក្លាយជា ពលរដ្ឋល្អ ក្នុងសង្គម ៕
