You are currently viewing ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវឱ្យយុវជនប្រើ «អាវុធឌីជីថល» ដើម្បីការពារ និងផ្សព្វផ្សាយមរតកវប្បធម៌ខ្មែរ ក្នុងឱកាសទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៨ ឆ្នាំ ២០២៦

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវឱ្យយុវជនប្រើ «អាវុធឌីជីថល» ដើម្បីការពារ និងផ្សព្វផ្សាយមរតកវប្បធម៌ខ្មែរ ក្នុងឱកាសទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៨ ឆ្នាំ ២០២៦

(ត្បូងឃ្មុំ): រដ្ឋបាលខេត្តត្បូងឃ្មុំសហការណ៍ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៨ ឆ្នាំ ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅសាលប្រជុំរំដួល សាលាខេត្ត កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦ ។


លោក កួ ហុក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានលើកឡើងថា ការប្រារព្ធទិវានេះ ធ្វើឡើងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីដាស់ស្មារតីកូនខ្មែរគ្រប់ជំនាន់ ពិសេសយុវជន ឱ្យចងចាំ និងយល់ដឹងពីតម្លៃមិនអាចកាត់ថ្លៃបាននៃបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី ។


លោកប្រធានមន្ទីរ បានបញ្ជាក់អំពីសក្តានុពលវប្បធម៌ដ៏សម្បូរបែបរបស់ខេត្តត្បូងឃ្មុំ ដែលមានស្ថានីយបុរេប្រវត្តិសាស្ត្រ ៣២ កន្លែង ប្រាសាទបុរាណ ៩ កន្លែង និងក្រុមសិល្បៈមហាជនចំនួន ២១៦ ក្រុម ដែលកំពុងសកម្មក្នុងការថែរក្សាដួងព្រលឹងជាតិ ។


ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ក្នុងបរិបទដែលវប្បធម៌បរទេសកំពុងហូរចូលយ៉ាងគំហុកតាមរយៈបណ្ដាញសង្គម យុវជនត្រូវតែជាអ្នកចម្រាញ់ និងជាខែលការពារអត្តសញ្ញាណជាតិ ។


ឯកឧត្តមបានក្រើនរំលឹកថា «វប្បធម៌ សិល្បៈ គឺជាព្រលឹងជាតិ» ប្រសិនបើក្មួយៗយុវជនមិនរួមគ្នាថែរក្សាទេ នោះអត្តសញ្ញាណរបស់យើងនឹងត្រូវរលាយបាត់បង់ ឬត្រូវបានគេលួចបន្លំយកទៅបកស្រាយខុសពីការពិត ។


ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្ត ដល់ស្រទាប់យុវជន ជាសិល្បករ និងសិស្សានុសិស្ស ត្រូវប្រើប្រាស់ចំណេះដឹងផ្នែកឌីជីថល ដើម្បីផលិតមាតិកា (Content) វីដេអូខ្លីៗ ឬរូបភាពស្អាតៗពីវប្បធម៌ខ្មែរ ផ្សព្វផ្សាយទៅកាន់ពិភពលោក ដែលនេះគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត ក្នុងការការពារមរតកដូនតា ពីការរំលោភបំពាន  និងការប៉ុនប៉ងលួចបន្លំពីសំណាក់មជ្ឈដ្ឋានខាងក្រៅ ។


ឯកឧត្តមបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលបានខិតខំអភិរក្សសិល្បៈក្នុងមូលដ្ឋាន និងបានអំពាវនាវឱ្យគ្រប់អង្គភាពពាក់ព័ន្ធ សូមបន្តជួយជ្រោមជ្រែងដល់យុវជន ដើម្បីឱ្យពួកគេមានមោទនភាពចំពោះជាតិខ្លួន ដោយមិនប្រកាន់និន្នាការនយោបាយ ឬសាសនាឡើយ ។


ឯកឧត្តម ប៉ែន កុសល្យ បានផ្ញើសារជូនពរដល់អង្គពិធីទាំងមូល និងសង្ឃឹមយ៉ាងមុតមាំថា ស្មារតីនៃទិវាវប្បធម៌ជាតិឆ្នាំ ២០២៦ នេះ នឹងក្លាយជាកម្លាំងចលករថ្មីមួយទៀត ក្នុងការជំរុញឱ្យខេត្តត្បូងឃ្មុំ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល រក្សាបាននូវភាពរុងរឿងនៃវប្បធម៌ដែលជាមរតកមិនចេះរីងស្ងួត ៕