You are currently viewing ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត នៃរដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំត្រួតពិនិត្យការងារ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥

ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត នៃរដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំត្រួតពិនិត្យការងារ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥

(ត្បូងឃ្មុំ): លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត និងឯកឧត្ដមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២៥ ។


កិច្ចប្រជុំនេះ មានអញ្ជើញចូលរួមពីអស់លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធាន-អនុប្រធានការិយាល័ស្រុកប្រតិបត្តិ ក្រុមគ្រូពេទ្យ អភិបាល-អភិបាលរង ក្រុង/ស្រុកទាំង៧ ដែលជាសមាជិក-សមាជិកា ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តជាច្រើនរូប ។


លោក ម៉ា សុខន អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ និងជាប្រធានកម្មវិធីគ្រុនចាញ់ថ្នាក់ខេត្តបានបង្ហាញពីគោលបំណងនៃកិច្ចប្រជុំ គឺ ៖ បូកសរុបការងារប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ថ្នាក់ខេត្ត និងស្រុកប្រតិបត្តិ ក្នុងឆ្នាំ២០២៤ កន្លងទៅ ដោយបានកំណត់នូវបញ្ហាប្រឈម និងឧបសគ្គសំខាន់ៗក្នុងការងារគ្រុនចាញ់ និងពិភាក្សាកំណត់រកដំណោះស្រាយបញ្ហារួម និងព្រមទាំងលើកទិសដៅ យុទ្ធសាស្ត្របន្តកំរិតខេត្ត ស្រុកប្រតិបត្តិសម្រាប់ត្រីមាសបន្ទាប់។


ក្នុងនោះដែរ ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត បានលើកឡើងថា ច្រើនឆ្នាំមកនេះ ការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់ ដោយបានចូលរួមកាត់បន្ថយបន្ទុកនៃជំងឺ ជាពិសេសបានធ្វើឲ្យអត្រាឈឺ និងស្លាប់ ដោយសារជំងឺគ្រុនចាញ់ថយចុះ។

បន្ថែមលើនេះ យើងត្រូវចូលរួមសាមគ្គីសហការទាំងអស់គ្នា ជាលក្ខណៈបែបសហគមន៍ ហើយអាជ្ញាធរ ក៏ត្រូវសហការជាមួយប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន តាមរយៈការរំលេចនូវការផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនទើបវិលត្រឡប់មកពីប្រទេសថៃ និងអ្នកដែលប្រកបរបរចេញចូលក្នុងព្រៃញឹកញាប់ ត្រូវអប់រំឲ្យពួកគាត់ទាំងអស់គ្នា ឲ្យបានយល់ដឹងពីជំងឺគ្រុនចាញ់ ដែលជំងឺនេះឆ្លងតាមរយៈមូសដែកគោលញីខាំ និងអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ប្រសិនបើមានអាការៈមិនប្រក្រតី ត្រូវប្រញាប់ទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតផ្ទះ។


នាឱកាសនេះ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត បានមានប្រសាសន៍ថា តាមរយៈលទ្ធផលដែលបានបង្ហាញ ដោយមន្ត្រីជំនាញពីបញ្ហាគ្រុនចាញ់នេះ បានបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែង របស់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ ឲ្យទទួលបានជោគជ័យទៅតាមផែនការ ដែលបានដាក់ចេញ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ព្រមទាំងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្រ្ដ ក៏បានធ្វើការបេ្ដជ្ញាចិត្ដ ដើម្បីសម្រេចគោលដៅនៃការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទមេរោគទាំងអស់ ត្រឹមឆ្នាំ២០២៥។


លោកជំទាវ ប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត បានណែនាំដល់ក្រុមការងារពិសេស គ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវមានទំនួលខុសត្រូវខ្ពស់ លើការងារ បញ្ហាប្រឈម និង ដំណោះស្រាយផ្សេងៗ ក្នុងការយល់ដឹង ពីជំងឺគ្រុនចាញ់ អ្នកពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី ជួយអប់រំឲ្យមានភាពទូលំទូលាយ សម្រាប់ប្រជាពលរដ្ឋ ណែនាំបន្តតាមគ្រប់រូបភាព គ្រប់សកម្មភាព ដល់ប្រជាពលរដ្ឋដែលប្រឈម នឹងជំងឺគ្រុនចាញ់ នៅតាមមូលដ្ឋាន ដែលមានការលំបាក ក្នុងការគ្រប់គ្រងទិន្នន័យប្រជាជន ដែលប្រឈមនឹងជំងឺគ្រុនចាញ់។ ជាពិសេសអាជ្ញាធរដែនដី ជួយធ្វើការរៀបចំ និងផ្តល់ព៌ត័មានពីបញ្ហាជំងឺគ្រុនចាញ់ និងគ្រុនឈាមផងដែរ នូវបច្ចុប្បន្នភាព សកម្មភាព អន្តរាគមន៍នានា និងអប់រំពីបញ្ហាការការពារពីជំងឺគ្រុនចាញ់ ៕