( ត្បូងឃ្មុំ ): ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញប្រារព្ធពិធីក្រុងពាលី ចាក់បេតុងប្លង់សេព្រះវិហារ ស្ថិតនៅវត្តតេជះសុវណ្ណភូមិ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦ ។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ការរៀបចំនៅពិធីនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធបរិស័ទទាំងអស់ ក្នុងការរួបរួមសាមគ្គីគ្នា ជាធ្លុងមួយ ស្មារតីតែមួយ និងក្នុងនាមជាអ្នកកាន់ និងគោរពកាន់ដើរយាមនូវគន្លងព្រះពុទ្ធសាសនាផងដែរ ។

ពិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីសាងសង់ព្រះវិហារថ្មី ក្នុងវត្ត ដើម្បីទុកជាទីសក្ការៈបូជាដល់ព្រះសង្ឃ និងពុទ្ធបរិស័ទគ្រប់មជ្ឍដ្ឋាន ម្យ៉ាងដើម្បីវិន័យកិច្ចរបស់ព្រះសង្ឃក្នុងការធ្វើសង្ឃកម្ម និងក្រាលគ្រងកឋិនទាន ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញធ្វើការដុតប្រទីប នឹងរៀបចំពិធីក្រុងពាលី ដើម្បីបើកដំណើរការចាក់បេតុងប្លង់សេព្រះវិហារ នឹងសូមសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងធ្វើការឧទ្ទិសមគ្គផល ដល់បុព្វបុរសខ្មែរ វីរៈជនការពារទឹកដី ជាតិមាតុភូមិកម្ពុជា ដែលបានពលីក្នុងសមភូមិមុខ ក្នុងបុព្វហេតុការពាទឹកដី សូមឱ្យលោកទៅកាន់ទីបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញធ្វើការរាប់បាត្រ ឧទ្ទិសបុណ្យកុសល្យ ព្រមទាំងអញ្ជើញទស្សនាការចាក់បេតុងប្លង់សេព្រះហារ និងសមិទ្ធិផលផ្សេងៗក្នុងវត្តតេជះសុវណ្ណភូមិផងដែរ ៕
