You are currently viewing រដ្ឋបាលខេត្តត្បូងឃ្មុំប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ ២០២៦ »

រដ្ឋបាលខេត្តត្បូងឃ្មុំប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ ២០២៦ »

( ត្បូងឃ្មុំ ): លោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តត្បូងឃ្មុំ បានអញ្ជើញអបអរសាទរ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ ២០២៦ » នៅព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ នៅក្នុងសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីកម្ពុជាគ្មាន អំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ» ដើម្បីបន្តដាស់តឿន និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចកល នៃការជួញដូរមនុស្សគ្រប់ទម្រង់ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងរីករាលដាលនាពេលបច្ចុប្បន្ន ។


លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថាការរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស នេះ គឺក្នុងគោលបំណងប្រកាសផ្សព្វផ្សាយអំពីស្ថានភាព ប្រែប្រួលនៃបទល្មើសជួញដូរ និងបទល្មើសពាក់ព័ន្ធកលល្បិច ជនល្មើស បទពិសោធ នៃភាពរងគ្រោះ និងការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការធ្វើប្រតិបត្តិការ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រមទាំងបទល្មើសពាក់ព័ន្ធដ៏ទៃទៀត ដែលបង្កនភាពស្មុគស្មាញ និងចាំបាច់ត្រូវរួមគ្នាដោះស្រាយ ។


លោកជំទាវអភិបាលរងខេត្ត បានសំណូមពរដល់ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងតាមបណ្តាសាលារៀន បន្តផ្សព្វផ្សាយ តាមរូបភាពផ្សេងៗ នូវសារដ៏មានសារសំខាន់ នៃទិវាជាតិ ១២ ធ្នូ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើរបោកតាមអនឡាញ សម្រាប់ជាការជាការដាស់តឿនប្រជាពលរដ្ឋ បានយល់ដឹង និងចូលរួមបង្ការទប់ស្កាត់ និងការពារខ្លួនពីអំពើជួញដូរមនុស្ស ។


លោកជំទាវបន្តថា ដោយកន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានដាក់បទបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធនៃគណៈបញ្ជាការរដ្ឋបាលខេត្ត ចុះបង្រ្កាបទីតាំងល្បែង Online Scams ខុសច្បាប់ យ៉ាងស្រស្រាក់ស្រស្រាំ និងធ្វើការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ និងដកហូតនៅវត្ថុតាងនៃអំពើខុសច្បាប់ទាំងនោះផងដែរ នេះគឺជាការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏ដូចជាស្របតាមអនុសាស្ត្រដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានប្រសាសន៍ថា កម្ពុជានឹងលុបបំបាត់នៅទីតាំងល្បែងអនឡាញខុសច្បាប់ និងឧក្រឹតជនឆបោកតាមអនឡាញខុសច្បាប់ ដើម្បីធ្វើយ៉ាងណាមិនឱ្យកម្ពុជាក្លាយជា ជម្រកនៃឧក្រឹតជនឆបោកតាមប្រព័ន្ធអនឡាញ និងជាទីកន្លែងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរណ៍មកទស្សនា និងកម្សាន្តក្នុងទឹកដីកម្ពុជាយើង ៕