( ត្បូងឃ្មុំ ): ដើម្បីធានាបាននូវសុខភាពសត្វពាហន: មិនឲ្យមានរោគជំងឺសារទឹក អុតក្ដាម និងដុំពកគោក្របី ជូនដល់ប្រជាពលរដ្ឋ ដែលជាអ្នកចិញ្ចឹមគោក្របី មន្ត្រីជំនាញផ្នែកបសុធ្យាបាលខេត្តត្បូងឃ្មុំ បានចុះពន្យល់ណែនាំប្រជាពលរដ្ឋ និងធ្វើជីវៈសុវត្ថិភាពចាក់វ៉ាក់សាំងលារពារមេរោគ ជំងឺសារទឹក សត្វគោក្របីជូនប្រជាកសិករ នៅតាមកសិដ្ឋាន ក្រោលគោក្របី របស់ប្រជាពលរដ្ឋ ស្ថិតក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី ២៤ ខែមិនា ឆ្នាំ ២០២៦ នេះ ។

លោក កែន ច័ន្ទសុជាតិ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដោយមានការព្រួយបារម្ភ និងចង្អុលបង្ហាញ ពីឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត និងលោក ជឺន ចិត្ត ប្រធានការិយាល័យផលិតកម្ម និងបសុខព្យាបាល ទើបលោកអនុប្រធានបានដឹកនាំមន្ត្រីជំនាញការិយាល័យ សហការជាមួយមន្ត្រីកសិកម្មស្រុកពញាក្រែក និងអាជ្ញាធរមូលដ្ឋានភូមិ ត្រពាំងព្រីង ១ ត្រពាំងព្រីង ២ ភូមិកក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ចុះពន្យល់ប្រជាពលរដ្ឋ និងធ្វើជីវៈសុវត្ថិភាព ចាក់វ៉ាក់សាំងគោក្របីការពារមេរោគជំងឺសារទឹក នៅតាមកសិដ្ឋាន និងក្រោលគោក្របី របស់ប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងគោលបំណង ដើម្បីធានាសុខសុវត្តិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ។

លោក កែន ច័ន្ទសុជាតិ បន្តថា មិនត្រឹមតែដល់រដូវកាល បុណ្យទានធំៗ បានមន្ត្រីរបស់លោកចុះធ្វើការនោះទេ គឺថាលោកអនុប្រធានតែងតែ អនុវត្តិបែបនេះជាប្រចាំផងដែរ ដើម្បីធានាសុខភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធានាអនាម័យឲ្យមានសុខភាពល្អ ទាំងសត្វ និងមនុស្ស ។

លោក កែន ច័ន្ទសុជាតិ បន្ថែមថា ជាលទ្ធផលមន្ត្រីជំនាញចាក់វ៉ាក់សាំងទៅលើសត្វពាហន:បានសរុប សត្វគោចំនួន ៦៤ ក្បាល សត្វក្របីចំនួន ៣២ ក្បាល ដែលមានចំនួន ១៩ ខ្នងផ្ទះ បន្តពីនេះយើងនឹងបន្តការចាក់វ៉ាក់សាំងនៅភូមិផ្សេងៗទៀតទូទាំងឃុំត្រពាំងផ្លុងឲ្យអស់ ៕
