You are currently viewing រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធអបអរសាទរខួបទី ១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ»

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធអបអរសាទរខួបទី ១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ»

(ត្បូងឃ្មុំ): រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នៅព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ ។


លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារីខេត្ត បានរាយការណ៍ពីសមិទ្ធផលការងារឆ្នាំ ២០២៥ ដែលសម្រេចបានលើការលើកកម្ពស់សិទ្ធិស្ត្រី ការងារមនុស្សធម៌ និងការបណ្តុះបណ្តាលជំនាញ សម្រាប់ទិសដៅឆ្នាំ ២០២៦ សមាគមបានដាក់ចេញនូវផែនការសកម្មភាពសំខាន់ៗ រួមមាន ការពង្រឹងរចនាសម្ព័ន្ធមូលដ្ឋាន ការលើកកម្ពស់សុខភាពមាតានិងទារក និងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ទិសដៅនេះ មិនត្រឹមតែផ្ដោតលើការការពារសិទ្ធិ និងសុខុមាលភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រៀមលក្ខណៈឱ្យស្ត្រីឈានចូលក្នុងយុគសម័យឌីជីថល និងពង្រឹងអំណាចសេដ្ឋកិច្ចតាមរយៈចំណេះដឹងហិរញ្ញវត្ថុ និងសហគ្រិនភាព ។


ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានបញ្ជាក់ថា ប្រធានបទឆ្នាំនេះមានគោលបំណងរំលេចពីតម្លៃមិនអាចកាត់ថ្លៃបាននៃ «សន្តិភាព និងសន្តិសុខ» ដែលជាបុរេលក្ខខណ្ឌដ៏ចម្បង ញ៉ាំងឱ្យស្ត្រី និងគ្រួសាររស់នៅប្រកបដោយសុភមង្គល និងសុខុមាលភាពទាំងផ្លូវកាយនិងផ្លូវចិត្ត ។


ឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា ការចូលរួមយ៉ាងសកម្មរបស់ស្ត្រីក្នុងការកសាង និងថែរក្សាសន្តិភាព គឺជាធាតុផ្សំដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព និងវិបុលភាពសង្គម ។


ឯកឧត្តមក៏បានសម្តែងនូវកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅចំពោះ «វីរភាពស្ត្រីកម្ពុជា» ដែលបានលះបង់ និងខិតខំប្រឹងប្រែងក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងការអភិវឌ្ឍសង្គមជាតិ ។


ឯកឧត្តម ប៉ែន កុសល្យ បានវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការជានារី ដែលបានបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ និងបានលើកទឹកចិត្តឱ្យបន្តពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ ភាពច្នៃប្រឌិត និងការប្រើប្រាស់បុរេសកម្មក្នុងវិស័យការងារ ។


ឯកឧត្តមអភិបាលខេត្តបានអំពាវនាវឱ្យគ្រប់មជ្ឈដ្ឋានរួមគ្នាការពារ និងលុបបំបាត់រាល់ឧបសគ្គទាំងឡាយដែលរារាំងដល់ការរីកចម្រើនរបស់ស្ត្រី ដើម្បីទាញយកអត្ថប្រយោជន៍ពី «ភាគលាភយេនឌ័រ» សំដៅពង្រឹងសហគមន៍ និងជំរុញការអភិវឌ្ឍជាតិឱ្យកាន់តែរឹងមាំ និងមានស្ថិរភាពយូរអង្វែង ៕