You are currently viewing អាជ្ញាធរខេត្តត្បូងឃ្មុំចុះរុះរើ តូបអាណាធិបតេយ្យមុខមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ដើម្បីលើកកម្ពស់សោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈ

អាជ្ញាធរខេត្តត្បូងឃ្មុំចុះរុះរើ តូបអាណាធិបតេយ្យមុខមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ដើម្បីលើកកម្ពស់សោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈ

(ត្បូងឃ្មុំ)៖ កម្លាំងចម្រុះនៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានបង្កើតគណៈកម្មការ ក្រុមការងារ ចុះរុះរើសំណង់តូបអនាធិតេយ្យចំនួន ៨ តូប ដែលសង់រំលោភលើចិញ្ចើមផ្លូវ នៅចំណុចមុខមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៦ ស្ថិតនៅភូមិនិគលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរាបរយ និងមានសោភ័ណភាពនៅមុខមន្ទីរពេទ្យ និងសោភ័ណភាព របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ។


ការរុះរើនេះដឹកនាំដោយ លោកវរសេនីយ៍ឯក អ៊ាង ពិសិដ្ឋ ស្នងការរងខេត្ត, លោក យ៉ាំ សុភឿង អភិបាលរងស្រុកត្បូងឃ្មុំ និងតំណាងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន បានចុះរុះរើតូបអាណាធិបតេយ្យ ចំនួន ០៨តូប នៅបរិវេណខាងមុខមន្ទីរពេទ្យ ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយឱ្យមានរបៀប, លើកកម្ពស់សោភ័ណភាពជុំវិញបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងបង្ហាញពីមុខមាត់ និងភាពស្អាតជានិរន្តរ៍របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ។


កងកម្លាំងចម្រុះ បានឲ្យដឹងថា ប្រតិបត្តិការ រុះរើនាពេលនេះ ធ្វើឡើងតាមការចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងទទួលបានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងលោកវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលពីស្នងការដ្ឋាននគរបាលខេត្ត និងរដ្ឋបាលស្រុកត្បូងឃ្មុំ ។


ករណីចុះធ្វើប្រតិបត្តិការនេះ មានការចូលរួមពី លោកវរសេនីយ៍ត្រី វ៉ាន់ នីម៉ូ តំណាងអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ លោក ខ្លូត ឡាង តំណាងរដ្ឋបាលឃុំស្រឡប់ លោក រៀម ឡាត់ តំណាងប៉ុស្តិ៍នគរបាលឃុំ និងលោក នាត ណុន តំណាងភូមិនិគមលើ បានសហការចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមផ្លូវបេតុង នៅម្តុំម្ខាងផ្លូវខាងមុខមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលមានការលក់ដូរ និងសង់សំណង់ស្នាក់នៅអនាធិបតេយ្យ ប៉ះពាល់ដីចំណីផ្លូវសាធារណៈ និងបានបោះចោលកាកសំណល់សំរាមគ្មានសណ្តាប់ធ្នាប់ នាំឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាពធ្ងន់ធ្ងរ ។


ក្រុមការងារចុះរៀបចំសណ្តាប់ធ្នាប់ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានសំណូមពរ, ធ្វើកំណត់ហេតុ និងពន្យល់អប់រំ ដល់ប្រជាពលរដ្ឋ ឬអាជីវករត្រូវរុះរើសំណង់អនាធិបតេយ្យទាំងនោះ ចេញដោយខ្លួនឯង ហើយទុករយៈពេល ៧ថ្ងៃ ឲ្យធ្វើការរុះរើ ចាប់ពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦តទៅ ។
ក្នុងករណីប្រជាពលរដ្ឋ ឬអាជីវករទាំងនោះ មិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរទេ ក្រុមការងារជំនាញ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងចុះរុះរើសំណង់មិនរៀបរយទាំងនោះ ដោយមិនទទួលខុសត្រូវ ចំពោះការបាត់បង់សម្ភារៈ និងការខូចខាតសម្ភារៈផ្សេងៗនោះឡើយ ៕