
( ត្បូងឃ្មុំ ): ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី ១ និងទិសដៅការងារឆមាសទី ២ ឆ្នាំ ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥ នៅ”សាលប្រជុំរំដួល” សាលាខេត្តត្បូងឃ្មុំ ។
ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលតែងតែចូលរួមរាល់សកម្មភាព ចុះមូលដ្ឋាន ជាមួយថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដើម្បីបង្ហាញពីភាពស្និតស្នាល និងការយកចិត្តទុកដាក់ពីសុខទុក្ខពលរដ្ឋនៅមូលដ្ឋាន របស់រាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ក្នុងឆមាសទី ១ នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអនុវត្តកិច្ចការងារបានល្អប្រសើរ ក្នុងនោះយើងបានធ្វើការសម្ពោធនៅសមិទ្ធិផលនានាក្នុងខេត្ត រៀបចំនៅវេទិការសាធារណៈ ធ្វើការផ្សព្វផ្សាយយុទ្ធនាការផ្សេងៗក្នុងខេត្ត ធ្វើការបើកព្រឹត្តការផ្សេងៗ ជាពិសេសបានធ្វើការចុះផ្សព្វផ្សាយដល់ពលរដ្ឋនៅតាមមូលដ្ឋាន នៅគោលនយោបាយរបស់រាជរដ្ឋាភិបាលនាអាណត្តិទី៧នេះ ដែលដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី៤ ដែលគោលដៅអាទិភាពចម្បងគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាផងដែរ។ ក្នុងនោះយើងបានផ្សព្វផ្សាយពីគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ផងដែរ ដើម្បីបញ្ជ្រាបដល់ពលរដ្ឋឱ្យយល់ដឹងពីបញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ គ្រោះថ្នាក់ចរាចរណ៍ បញ្ហាបរិស្ថាន ការកាប់បំផ្លាញព្រៃឈើ ការឈូសឆាយ រុករានទន្ទា្រនដីព្រៃ បឹង ជាដើមដែលប៉ះពាល់ដល់សហគមន៍ និងសង្គមជាតិយើងផងដែរ ។
ឯកឧត្តម រដ្ឋមន្ត្រី បានបន្តលើកឡើងបន្ថែមថា នាពេលខាងមុខនេះយើងគ្រោងរៀបចំនៅយុទ្ធនាការ “កម្ពុជាស្អាត គ្មានគ្រឿងញៀន” នៅតាមសាលារៀន ដើម្បីណែនាំយុវជនឱ្យជៀសឆ្ងាយពីគ្រឿងញៀន ដែលបង្ករភាពអន្តិសុខក្នុងសហគមន៍ និងសង្គមជាតិទាំងមូល ដែលបញ្ហានេះធ្វើឱ្យប៉ះពាល់ដល់ធនធានមនុស្សនាពេលអនាគត ។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ស្របជាមួយបញ្ហាបច្ចុប្បន្នដែលកំពុងក្តៅគគុកនៅតាមព្រំដែនកម្ពុជា-ថៃ ដែលរដ្ឋាភិបាលកំពុងធ្វើការដោះស្រាយ ក៏មានជនឈ្លៀតឱកាសមួយចំនួន លើកបញ្ហានេះជាប្រធានបទដើម្បីលាបព័ណ៌រដ្ឋាភិបាលផងដែរ ដោយបង្កើតព័ត៌មានក្លែងក្លាយ និងបញ្ឆេះស្ថានការនេះឱ្យពលរដ្ឋខឹងសម្បារមកលើរដ្ឋាភិបាល ដែលត្រង់ចំណុចនេះ ក៏សូមគាំទ្រដល់ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ធ្វើការលុបនៅសញ្ញាត្តិខ្មែរ ទៅលើបុគ្គលជ្រុលនិយមចូលដៃជាមួយបរទេស បំផ្លាញជាតិសាសន៍របស់ខ្លួនផងដែរ។ ហើយនាពេលកន្លងមកនេះមិនថាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងពលរដ្ឋបានដុតដៃដុតជើង ក្នុងការជួយឧបត្ថមគាំទ្រដល់បងប្អូនកងទ័ពខ្មែរយើង ដែលឈរជើងប្រចាំការនៅតាមព្រំដែន ជាមួយគ្នានេះដែរនៅតាមរដ្ឋបាលខេត្តនីមួយៗ កំពុងក៏ធ្វើការជួយសម្រួលដល់ពលរដ្ឋដែលចំណាកស្រុកធ្វើការនៅប្រទេសថៃ ដែលត្រឡប់មកម្ពុជាវិញ គឺមានឱកាសទទួលបានការងារនិងប្រាក់ចំណូលសមរម្យផងដែរ ។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានសំណូមពរឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ធ្វើការពិនិត្យ និងរៀបចំរបាយការណ៍រាល់សកម្មភាពដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំស្រុក ខេត្តឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀតដើម្បីបង្ហាញពីស្មារតី សាមគ្គី និងអវិវឌ្ឍន៍នៅតាមមូលដ្ឋាន ៕

















