You are currently viewing ឯកឧត្តម ប៉ែន កុសល្យ ដឹកនាំកិច្ចប្រជុំជំរុញឱ្យក្រុមការងារត្រៀមរៀបចំសន្និបាតខេត្ត រួមគ្នាធានាឱ្យបាននូវភាពជោគជ័យ នៃអង្គសន្និបាតបូកសរុបការងារឆ្នាំ ២០២៥ និងលើកទិសដៅឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ

ឯកឧត្តម ប៉ែន កុសល្យ ដឹកនាំកិច្ចប្រជុំជំរុញឱ្យក្រុមការងារត្រៀមរៀបចំសន្និបាតខេត្ត រួមគ្នាធានាឱ្យបាននូវភាពជោគជ័យ នៃអង្គសន្និបាតបូកសរុបការងារឆ្នាំ ២០២៥ និងលើកទិសដៅឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ): ក្នុងស្មារតីពង្រឹងប្រសិទ្ធភាពការងារ និងត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយ កាលពីទីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងជំរុញការងារត្រៀមរៀបចំអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្ត ដែលនឹងខិតជិតមកដល់ក្នុងពេលឆាប់ៗខាងមុខ ។


កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ប្រារព្ធឡើងនៅសាលប្រជុំ (ក) ជាន់ទី ២ នៃសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម-លោកជំទាវ អភិបាលរងខេត្ត, មេបញ្ជាការ-មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការសាលាខេត្ត ព្រមទាំងប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករ ។


ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍ថា ការរៀបចំអង្គសន្និបាតនេះ គឺជាកិច្ចការអាទិភាពដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ។


ឯកឧត្តមអភិបាលខេត្ត បានថ្លែងសង្កត់ធ្ងន់ថា ដើម្បីទទួលបានភាពជោគជ័យនៃអង្គសន្និបាត មិនមែនជាបន្ទុកដាច់ដោយឡែករបស់អង្គភាពណាមួយឡើយ ប៉ុន្តែគឺជាការទទួលខុសត្រូវរួម គ្រប់គណៈកម្មការ និងមន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវសហការគ្នាឱ្យបានស្អិតរមួត ទាំងលើទិដ្ឋភាពបច្ចេកទេស និងការចាត់ចែងទូទៅ ក្នុងនោះដែរ ត្រូវពិនិត្យ និងផ្ទៀងផ្ទាត់រាល់របាយការណ៍ សមិទ្ធផលការងារ និងទិន្នន័យក្នុងឆ្នាំ២០២៥ ឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងមានភាពប្រាកដនិយម ដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនភាពពិតប្រាកដរបស់ខេត្ត សម្រាប់ដាក់ជូនអង្គសន្និបាតពិភាក្សា និងអនុម័ត ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់លើការរៀបចំផ្នែកពិធីការ សោភ័ណភាព និងការធានាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អបំផុត ដើម្បីធានាថាអង្គសន្និបាតទាំងមូលប្រព្រឹត្តទៅក្នុងបរិយាកាសអធិកអធម ថ្លៃថ្នូរ និងរលូនតាមកម្មវិធីដែលបានគ្រោងទុក ។


ឯកឧត្តម ប៉ែន កុសល្យ ក៏បានគូសបញ្ជាក់ថា លទ្ធផលដែលទទួលបានពីសន្និបាតនេះ នឹងក្លាយជាត្រីវិស័យដ៏សំខាន់សម្រាប់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការយកមកអនុវត្ត និងពង្រឹងទិសដៅការងារឆ្នាំ២០២៦ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ។


ជាទីបញ្ចប់ កិច្ចប្រជុំបានបញ្ចប់ទៅក្រោមស្មារតីទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្តរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចឱ្យបាននូវលទ្ធផលជាផ្លែផ្កាជូនរដ្ឋបាលខេត្តត្បូងឃ្មុំ និងប្រជាពលរដ្ឋ ៕