You are currently viewing ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញបន្តចុះសួរសុខទុក្ខ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់គ្រួសារភៀសសឹកជិត ២០០ គ្រួសារ ក្នុងក្រុងសួង

ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញបន្តចុះសួរសុខទុក្ខ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់គ្រួសារភៀសសឹកជិត ២០០ គ្រួសារ ក្នុងក្រុងសួង

( ត្បូងឃ្មុំ ): ក្នុងស្មារតីសាមគ្គីភាពមហាគ្រួសារខ្មែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារភៀសសឹក ៨១ គ្រួសារ និងសិស្សភៀសសឹកចំនួន ៨០ នាក់ កាលពីព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ ដែលមកពីខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ បាត់ដំបង ប៉ៃលិន និងកោះកុង ដែលបានចុះឈ្មោះចូលរៀននៅមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ដែលរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ និងមានកិច្ចសហការពីរដ្ឋបាលក្រុងសួង ស្ថិតនៅបរិវេណសាលាក្រុង ។


អំណោយទាំងនោះរួមមាន អង្ករ ទឹកស៉ីអ៉ីវ ទឹកត្រី ត្រីខ និងថវិការមួយចំនួនចំនួន ហើយចំពោះសិស្សានុសិស្សភៀសសឹក ក្នុងម្នាក់ៗ ទទួលាបាន សម្ភារសិក្សា និងសម្លៀកបំពាក់កីឡា នំចំណី ភេសជ្ជៈ ទឹកដោះគោ រួមជាមួយនឹងថវិកាឧបត្ថម្ភចំនួន ៤ ម៉ឺនរៀល ទុកជាការសម្រាលបន្ទុក ក្នុងអំឡុងពេលស្នាក់នៅបណ្តោះអាសន្ននេះ ។


ឯកឧត្តម ប៉ែន កុសល្យ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្ដីអាណិតអាសូរ និងការគិតគូរពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ជូនដល់បងប្អូនជនភៀសសឹកទាំងអស់ ក៏ដូចជាសិស្សានុសិស្សភៀសសឹកទាំងអស់ ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលមិនបោះបង់ពលរដ្ឋណាម្នាក់ចោលឡើយ ។


ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ស្ថានភាពនៅតាមព្រំដែនក្នុងរយៈពេលនេះ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានអនុម័ត និងចុះហត្ថលេខាលើសេចក្តីប្រកាសរួមគ្នា ដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តនូវបទឈប់បាញ់ឱ្យបានពេញលេញ និងស្វែងរកនូវសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយព្រំដែន ។


ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព និងវិរនគរបាល កម្ពុជាទាំងអស់ ដែលហ៊ាន ពលី តស៊ូយ៉ាងអង់អាចក្លាហាន ក្នុងការការពារទឹកដីកម្ពុជា ឲ្យមានសុខសន្តិភាព ព្រោះមានរាជរដ្ឋាភិបាល រួមនឹងវិរកងទ័ពជាតិ និងវិរនគរបាលជាតិ ជាអ្នកការពារយ៉ាងស្វិតស្វាញបំផុត ។


ឯកឧត្តមបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកសន្តិភាពតាមរយៈការចរចាឱ្យមាន “បទឈប់បាញ់” ជាថ្មីរវាងកម្ពុជា និងថៃ ដើម្បីធានានូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរ ។


ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតចំពោះបងប្អូនភៀសសឹកទាំងអស់ ពិសេសលើសុខុមាលភាពរបស់ពួកគាត់។ ទន្ទឹមនឹងនោះ លោកក៏បានដាស់តឿនដល់ប្រជាពលរដ្ឋឱ្យរក្សាអនាម័យ ដើម្បីបង្ការខ្លួនពីជំងឺផ្សេងៗក្នុងអំឡុងពេលស្នាក់នៅបណ្ដោះអាសន្ន ៕