(ត្បូងឃ្មុំ): បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៦ ។

លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានពាំនាំនូវបណ្ដាំសួរសុខទុក្ខ និងការនឹករលឹកប្រកបដោយមោទនភាពបំផុតពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះបងប្អូនកងកម្លាំងទាំងអស់ ។

លោកមេបញ្ជាការ បានថ្លែងថា លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែយកចិត្តទុកដាក់ និងផ្ដល់តម្លៃខ្ពស់បំផុតចំពោះតួនាទីរបស់ស្ត្រីក្នុងជួរកងរាជអាវុធហត្ថ យោធិននារីគ្រប់រូប គឺជាកម្លាំងចលករយ៉ាងសំខាន់ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ តនិងចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។

លោកឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា ក៏បានថ្លែងនូវពាក្យពេចន៍ជូនពរយ៉ាងសិ្នទ្ធស្នាល និងពោរពេញដោយមនោសញ្ចេតនា ជូនចំពោះយោធិននារី ដែលជា «មាតានៃពិភពលោក» សូមឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងបញ្ញាឈ្លាសវៃ ដើម្បីបន្តសម្រេចបាននូវជោគជ័យគ្រប់ភារកិច្ចដែលអង្គភាព និងរាជរដ្ឋាភិបាលប្រគល់ជូន ព្រមទាំងជួបតែពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ។

លោកមេបញ្ជាការបានផ្ដល់វត្ថុអនុស្សាវរីយ៍ជាបាច់ផ្កា និងថវិកាជូនដល់យោធិននារី គ្រួសារយោធិន និងក្រុមការងាររៀបចំអាហារ សរុបចំនួន ៤ លាន ៩០ ម៉ឺនរៀល ។

លោកមេបញ្ជាការក៏បានចាត់តាំងលោកមេបញ្ជាការរងចំនួន ២ រូប នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ចុះសួរសុខទុក្ខដល់លំនៅដ្ឋានយោធិនចូលនិវត្តន៍ និងយោធិនពិការដែលមានជំងឺចំនួន ៧ គ្រួសារ ក្នុងមួយគ្រួសារថវិកា ៤០ ម៉ឺនរៀល រួមជាមួយអង្ករ មី ទឹកសុទ្ធ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត ។

សកម្មភាពមនុស្សធម៌ និងការលើកទឹកចិត្តក្នុងឱកាសនេះ សរុបជាថវិកាមានចំនួន ១០ លាន ១៧ ម៉ឺន ១ ពាន់រៀល ដែលនេះស្ដែងឱ្យឃើញពីសាមគ្គីភាព ភាពកក់ក្ដៅ និងការយកចិត្តទុកដាក់ខ្ពស់ «មិនបោះបង់គ្នា» ក្នុងគ្រួសារកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ៕
