(ត្បូងឃ្មុំ): ឯកឧត្តម ងឿន ចន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ម៉ៅ ឌុង អភិបាលរងខេត្ត តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ ២០២៥ លើកទិសដៅបន្ត ការងារឆ្នាំ ២០២៦ របស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ នាថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ។

លោក ធីន ស៊ីថាច ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានបង្ហាញនូវរបាយការណ៍សង្ខេប ដែលមន្ទីរព័ត៌មានខេត្តសម្រេចបាននៅពេលកន្លងមក នេះ ដោយអនុវត្តកិច្ចការងារ ទៅតាមការិយាល័យនីមួយៗទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ជាពិសេសក្រុមការងារព័ត៌មាន និងសាធារណៈមតិ ក្រុមការងារយុទ្ធនាការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែក្លាយ នៃមន្ទីរព័ត៌មានខេត្ត បានធ្វើការឆ្លើយតប បង្ការ បង្ក្រាប និងបន្សាបរាល់ព័ត៌មានក្លែងក្លាយ និងឆ្លើយតបមតិសាធារណៈជន បានទាន់ពេលវេលា ។
ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើនូវការសួរសុខទុក្ខ និងជូនពរពីសំណាក់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដល់ថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរទាំងអស់ ជាពិសេសក្នុងឱកាសចូលឆ្នាំសកលខាងមុខនេះ ។

ឯកឧត្តមក៏បានបន្តថា ចំពោះកិច្ចការងារព័ត៌មាន របស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ នៅក្នុងឆ្នាំកន្លងទៅនេះ គឺប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ ហើយសូមធ្វើការអនុវត្តកិច្ចការងារនេះឱ្យកាន់តែល្អប្រសើរជាងនេះបន្ថែមទៀត ។

ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ថា ជាគោលដៅរបស់រាជរដ្ឋាភិបាល អាណត្តិទី ៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃកម្ពុជា គឺបានដាក់យុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ ហើយវិស័យព័ត៌មានគឺស្ថិតនៅមុំទី ៤ នេះ ដែលយកបច្ចេកវិទ្យាជាអាទិភាព ក្នុងនោះត្រូវធ្វើយ៉ាងណាពង្រឹងសក្តានុពល នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឱ្យមានភាពទូលំទូលាយ ធ្វើការយល់ដឹងឱ្យស៊ីជម្រៅទៅលើប្រព័ន្ធបច្ចេកវិទ្យាទាំងនោះដើម្បីងាយស្រួល ក្នុងការគ្រប់គ្រង និងទប់ស្កាត់ ព្រមទាំងបង្កើតឱ្យមានភាពច្នៃប្រឌិតក្នុងការអនុវត្តន៍ ។

ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានដាក់ចេញអនុសាសន៍គន្លឹះ ដើម្បីបង្កើនប្រសិទ្ធភាពការងារព័ត៌មាន និងសណ្តាប់ធ្នាប់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល តាមគោលការណ៍ណែនាំថ្មី សម្រាប់មន្ទីរព័ត៌មានខេត្បូងឃ្មុំ ដោយតម្រូវឱ្យអនុវត្តនូវចំណុចសំខាន់ៗដូចជា ពង្រឹងផែនការ និងវាយតម្លៃ៖ ត្រូវរៀបចំផែនការការងារស្របតាមយុទ្ធសាស្ត្រ ២០២៤-២០២៥ និងកំណត់សូចនាសមិទ្ធកម្ម (KPI) ឱ្យបានច្បាស់លាស់ ដើម្បីវាស់វែងសមិទ្ធផលការងារ និងការពេញចិត្តពីសាធារណជន ផ្សព្វផ្សាយយុទ្ធសាស្ត្ររាជរដ្ឋាភិបាល៖ ផ្តោតសំខាន់លើការបញ្ជ្រាបចំណេះដឹងអំពី «យុទ្ធសាស្ត្របញ្ចកោណ» គោលនយោបាយអាទិភាព ៦ ចំណុច និងការលើកកម្ពស់សក្តានុពលក្នុងមូលដ្ឋាន និងអភិក្រម «កម្លាំងសរុប មធ្យោបាយសរុប» ត្រូវចងក្រងបណ្តាញសហការជាមួយអាជ្ញាធរ មន្ទីរជំនាញ យុវជន និងអ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម ដើម្បីពង្រីកវិសាលភាពផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ៕
