
(ត្បូងឃ្មុំ): ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំប្រតិភូខេត្ត ចុះសួរសុខទុក្ខសំណេះសំណាល និងនាំយកសម្ភារសិក្សា និងគ្រឿងឧបភោគ-បរិភោគ ចែកជូនដល់សិស្សានុសិស្សដែលបានភៀសសឹកមកពីបណ្ដាខេត្តជាប់ព្រំដែន សរុបជិត ២០០ នាក់ នាថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។

សកម្មភាពមនុស្សធម៌នេះ ត្រូវបានបែងចែកជា ២ ទីតាំង រួមមាន ស្រុកអូររាំងឪ សិស្សានុសិស្សចំនួន ១៤៥ នាក់ (រៀបចំនៅបរិវេណសាលាស្រុកអូររាំងឪ) និងស្រុកត្បូងឃ្មុំ សិស្សានុសិស្សចំនួន ៥៥ នាក់ (រៀបចំនៅវិទ្យាល័យសម្តេចម៉ែ) ។

លោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជាក់ក្នុងរបាយការណ៍ថា មន្ទីរបាននឹងកំពុងសម្របសម្រួលយ៉ាងសកម្ម តាមរយៈការផ្ដល់ឱកាស ដល់សិស្សានុសិស្សដែលភៀសសឹកទាំងអស់ អាចចុះឈ្មោះចូលរៀន និងបង្រៀននៅតាមសាលារៀន ដែលនៅជិតទីតាំងស្នាក់នៅបណ្ដោះអាសន្នបំផុត ដើម្បីធានាថា ការសិក្សាមិនត្រូវបានរអាក់រអួលឡើយ ។

លោក ផាត សុខសាន្ត បន្តថា បើទោះបីជាកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពប្រឈមនៃវិបត្តិព្រំដែនជាមួយប្រទេសថៃយ៉ាងណាក៏ដោយ ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាមន្ទីរអប់រំខេត្ត បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តផ្ដល់ការអប់រំ ប្រកបដោយគុណភាព និងត្រៀមលក្ខណៈបត់បែនគ្រប់កាលៈទេសៈ តាមរយៈការធ្វើកំណែទម្រង់សាលារៀនឱ្យកាន់តែរឹងមាំ ។

ឯកឧត្តម ប៉ែន កុសល្យ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្ដីអាណិតអាសូរ និងនឹករលឹកបំផុតពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សទាំងអស់ ។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងជីវភាពរបស់ពលរដ្ឋ ជាពិសេសក្នុងស្ថានភាពដែលបងប្អូនត្រូវចាកចោលលំនៅដ្ឋានដើម្បីសុវត្ថិភាព។ ជាមួយគ្នានេះ ឯកឧត្តមបានក្រើនរំលឹកដល់បងប្អូនភៀសសឹកទាំងអស់ សូមមើលថែរក្សាសុខភាព ដើម្បីបង្ការជំងឺរាតត្បាតផ្សេងៗក្នុងអំឡុងពេលស្នាក់នៅបណ្ដោះអាសន្ននាពេលនេះ ។

ឯកឧត្តម ប៉ែន កុសល្យ បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ និងបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារជាតិផង និងស្វែងរកសន្តិភាពតាមរយៈការចរចាផងដែរ ហើយអំណោយទាំងនេះរួមមាន សិស្សានុសិស្សក្នុងម្នាក់ៗទទួលបាន សៀវភៅ ប៊ិច មី ភេសជ្ជៈ និងថវិកាចំនួន ៤០.០០០ រៀល ៕
