(ត្បូងឃ្មុំ): គណៈកម្មាធិការអន្តរក្រសួង បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើគម្រោងស្ថាបនាផ្លូវបេតុងអាមេថ្មីមួយខ្សែ ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋអាស្រ័យផលជាផ្លូវការ កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥ ។

ឯកឧត្តមបណ្ឌិត ងួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយប្រតិភូអន្តរក្រសួង និងលោកឧត្តមសេនីយ៍ត្រី ទិត សុជាតិ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ។

ផ្លូវបេតុងថ្មីនេះ មានប្រវែង ២.០៣០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ កម្រាស់ ២ តឹក រត់ពីឃុំទ្រា ទៅឃុំក្រូចឆ្មារ ដែលស្ថាបនាយ៉ាងសម្រិតសម្រាំង មានចិញ្ចើមផ្លូវក្រាលដីល្បាយក្រួសដ៏រឹងមាំ ស្របតាមបទដ្ឋានបច្ចេកទេស និងគុណភាពខ្ពស់ ។

ក្រោយការចុះពិនិត្យជាក់ស្តែង គណៈកម្មាធិការបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដែលបានអនុវត្តការងារយ៉ាងហ្មត់ចត់ ត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ រហូតសម្រេចបាននូវការទទួលយកជាស្ថាពរ ។

តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ រាជរដ្ឋាភិបាលនៅតែបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទឱ្យកាន់តែប្រទាក់ក្រឡា ដោយប្រែក្លាយពីផ្លូវដីស និងផ្លូវក្រួសក្រហម ទៅជាផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូ (DBST) ដើម្បីលើកកម្ពស់គុណភាពជីវិតប្រជាជននៅទូទាំងប្រទេសឱ្យកាន់តែប្រសើរឡើង ។

សមិទ្ធផលដ៏រឹងមាំនេះ គឺជាកាដូដ៏វិសេសវិសាលសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរឱ្យកាន់តែងាយស្រួល ចំណេញពេលវេលា កាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនកសិផល និងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ៕
