You are currently viewing ខេត្តត្បូងឃ្មុំ ប្រារព្ធទិវាពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៥

ខេត្តត្បូងឃ្មុំ ប្រារព្ធទិវាពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៥

( ត្បូងឃ្មុំ ): ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំប្រតិភូចូលរួម ទិវាពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៥ ក្នុងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈឹម ឃឹនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ នៅមន្ទីរពេទ្យព្រះនរោត្តមសីហនុត្បូងឃ្មុំ ស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ។


មានរបាយការណ៍នាឱកាសនោះ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានបង្ហាញថា គិតត្រឹមរយៈពេល១០ ខែដើមឆ្នាំ២០២៥ អ្នកបានមកធ្វើតេស្តឈាមរកមេរោគអេដស៍នៅមណ្ឌលធ្វើតេស្តឈាម VCCT សរុបចំនួន ៣៦៧ នាក់ ស្រី១៥៤នាក់ វិជ្ជមានចំនួន ១០៩នាក់ ស្រី ២៧នាក់ ។ បានបញ្ចូលទៅក្នុងការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍(សេវា ART) ចំនួន ១០៩នាក់ ស្រី២៧នាក់ ។ អ្នករស់នៅជាមួយមេរោគអេដស៍ (PLHIV) សរុបចំនួន ១៧៥៧នាក់ ស្ត្រីចំនួន ៨៥៤ នាក់ ។


លោកវេជ្ជបណ្ឌិតបន្តថា សម្រាប់ខេត្តត្បូងឃ្មុំ ៩៥% ទី១ អ្នកផ្ទុកមេរោគអេដស៍ទាំងអស់នៅក្នុងខេត្តបានដឹងពីស្ថាន ភាពមេរោគអេដស៍របស់ខ្លួនស្មើនឹង ៩០.៥៦% ។


-៩៥% ទី២ អ្នកបានដឹងពីស្ថានភាពមេរោគអេដស៍ហើយ បានដាក់អោយទទួលសេវាព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ស្មើនឹង ១០០%
-៩៥%អ្នកបានទទួលការព្យាបាលហើយ នឹងមេរោគត្រូវបានបង្ក្រាបបានស្មើចំនួន ៩០.៥៥% ផងដែរ ។


ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ឈឹម ឃឹនដារ៉េត អគ្គលេខាធិការអជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥នេះ ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ គឺជាឱកាសដែលបង្ហាញ ពីសារៈសំខាន់នៃការប្តេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែងរួមជាសកល ជម្នះគ្រប់ឧបសគ្គដែលកើតមានឡើងដោយសារតែសង្គ្រាម ជម្លោះប្រដាប់អាវុធជាច្រើន កន្លែងនៅក្នុងពិភពលោក នៅចំពោះមុខនេះ កម្ពុជាបើទោះបីកំពុងមានការរំខានដោយសារតែស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ក៏ដោយក៏រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាមវធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តសម្រេចឲ្យបាននូវគោលនយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ ២០២៣-២០៣០ ។


ឯកឧត្តមបណ្ឌិតបន្តថា កម្ពុជាប្តេជ្ញាបន្តខិតខំប្រឹងប្រែង សម្រេចឲ្យបានគោលដៅសកលទី១ ពោលគឺធ្វើយ៉ាងណាឲ្យអ្នក ដែលសង្ស័យថា មានផ្ទុកមេរោគអេដស៍ ឲ្យពួកគាត់បានទៅទទួលសេវាព្យាបាល បានទាន់ពេលវេលា និងទប់ស្កាត់ករណីឆ្លងថ្មីនៃមេរោគអេដស៍នេះផងដែរ ហើយកម្ពុជាបន្តពង្រឹង និងពង្រីកការអប់រំលើកកម្ពស់ការយល់ដឹងពីការបង្ការការចម្លងមេរោគអេដស៍ ជារួមនៅតាមគ្រឹះស្ថានអប់រំ សហគមន៍មូលដ្ឋាន ជាពិសេសក្នុងចំណោមយុវវ័យ ក្រុមប្រជាជនដើម្បី លើកកម្ពស់ការទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន ។


លើលឡើងនាឱកាសនោះ ឯកឧត្តម ប៉ែន កុលស្យ អភិបាលខេត្តត្បូងឃ្មុំ បានធ្វើការអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍” ជូនទៅកាន់អង្គពិធីផងដែរ ។


ឯកឧត្តម អភិបាលខេត្តក៏បាន ធ្វើការបានអំណាវនាវឱ្យជនរួមជាតិទាំងអស់ចូលរួមឱ្យបានសកម្ម និងឲ្យបានទ្វេដងជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាមួយកាកបាទក្រហមកម្ពុជា ក្នុងយន្តការជាតិតែមួយ ដើម្បីសម្រេចបានដោយជោគជ័យនៅគោលនយោបាយឆ្នាំ២០២៣-២០៣០និង គោលនយោបាយជាតិបញ្ចប់អេដស៍ និងកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០៣០ ៕