( ត្បូងឃ្មុំ ): កំណាត់ផ្លូវបេតុង ១ ខ្សែរបស់ក្រសួងអភិវឌ្ឍន៍ជនបទប្រវែងជាង ១ ពាន់មែត្រគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែមិថុនា ដើមខែកក្កដា ឆ្នាំ ២០២៥ នេះហើយ នេះបើតាមការឲ្យដឹងពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ។
កំណាត់ផ្លូវខាងលើនេះ ស្ថិតនៅក្នុងភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាប់ពីក្បាលស្ពានព្រែកតាខ្វាន់ ទៅភ្ជាប់នឹងគល់ស្ពានអាំង្គោ ដែលផ្លូវនេះធ្វើជំនួសផ្លូវចាស់ តាមមាត់ទន្លេមេគង្គបានរងផលប៉ះពាល់ដោយបាក់ស្រុតចូលទៅក្នុងទឹកទន្លេកន្លងមក ។
ហើយផ្លូវនេះទៀតសោធ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ផ្តល់សិទ្ធិតាមរយៈការដេញថ្លៃថ្នាក់ជាតិ បានទៅក្រុមហ៊ុន KBH ជាអ្នក សាងសង់មានប្រវែង ១.៣០០ ម៉ែត្រ ពេលនេះបានសាងសង់រួចរាល់អស់ហើយ ។
លោក ភិន ឈុន មេឃុំទន្លេបិទបានបញ្ជាក់នៅរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ ថា ក្នុងនាមរដ្ឋបាលឃុំ ដែលជាឪពុកម្តាយរបស់ប្រជាពលរដ្ឋ សូមថ្លែងអំណរគុណដល់ក្រសួងក៏ដូចរដ្ឋាភិបាល ដែលបានជួយសាងសង់ផ្លូវសម្រាប់វៀងនេះឡើង សម្រាប់បងប្អូនប្រជាពលរដ្ឋអាស្រ័យផលលើផ្លូវនេះ ចំណេញពេលវេលា ក្នុងការទំនាក់ទំនងគ្នាយ៉ាងប្រសើរសម្រាប់ចល័ត កសិផលរហ័សលឿនឆាប់ដល់ទីផ្សារ ដែលជាសរសៃឈាមសេដ្ឋកិច្ចក្នុងតំបន់ ។
លោក អាន ស៉ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានបញ្ជាក់ឱ្យដឹង នារសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ ថា ផ្លូវបេតុង ១ ខ្សែនេះ មានទទឹង ៦ ម៉ែត្រ កំរាស់ ១ តឹកកន្លះ ប្រវែង ១.៣០០ ម៉ែត្រ សាងសង់ដោយ គម្រោងដេញថ្លៃថ្នាក់ជាតិក្រុមហ៊ុន KBH ថវិកាហិរញ្ញបទានធនាគារពិភពលោក និងបដិភាគរដ្ឋាភិបាល ។
លោក អាន សុីណា បញ្ជាក់ទៀតថា ផ្លួវនេះ សាងសង់រួចហើយ ប៉ុន្តែបច្ចុប្បន្នកំហាប់បេតុងមិនទាន់រឹងល្អ ដោយទុករយៈពេល ២១ ថ្ងៃទើបគ្រប់ថ្ងៃតាមបទដ្ឋានបច្ចេកទេស រួចដាក់ឱ្យពលរដ្ឋអាស្រ័យផលជាផ្លូវការនៅចុងខែមិថុនា ដើមខែកក្ដដា ឆ្នាំ ២០២៥ នេះហើយ ៕