(ត្បូងឃ្មុំ) ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធាន ស.ស.យ.ក និងជា
ប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា អមដំណើរដោយ លោក កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយសង្គ្រោះបន្ទាន់ ជាគ្រឿងឧបភោគ-បរិភោគ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ចំនួន ១.១៣១ គ្រួសារ ដែលអំណោយសង្គ្រោះបន្ទាន់នេះ ផ្ដល់តាមរយៈអង្គការមុស្លិមហេលហ្វិន នៅប្រទេសអាឡឺម៉ង់ ផ្តល់តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា ស្ថិតនៅ ២ ទីតាំង គឺបរិវេណវត្តនទីរង្សី (វត្តជីរោទ៍កណ្ដាល) និងបរិវេណសាលាបឋមសិក្សាបឹងព្រួល ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រួមមាន មី ទឹកស៊ីអ៊ីវ និងអង្ក ចំណាយថវិកាអស់ជាង ៩០ លានរៀល ។

លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានមានប្រសាសន៍ថា ក្នុងអំឡុងគ្រោះទឹកជំនន់ ក្នុងឆ្នាំ ២០២៥ នេះ បានធ្វើឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់ ខូចខាតជាច្រើន មានដូចជា លំនៅឋាន ផលដំណាំស្រូវ និងចម្ការរួមផ្សំផ្សេងៗជាដើម ។

លោក សេង សុខខឿន បន្តថា ក្នុងនាមរដ្ឋបាលស្រុក និងក្នុងនាមប្រជាពលរដ្ឋ សូមសម្តែងនូវការដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះអង្គការមុស្លិមហេលហ្វិន នៅប្រទេសអាល្លឺម៉ង់ តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា ដែលបានយកអំណោយមកប្រគល់ជូនដល់បងប្អូន នាពេលនេះ ដែលបានបង្ហាញ ឱ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ របស់ ឯកឧត្តមវេជ្ជបណ្ឌិត ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកត្បូងឃ្មុំយើង ។

ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន បានពាំនាំនូវព្រះរាជបណ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយព្រះហឫទ័យអាណិតស្រលាញ់ដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ (ហ្លួងម៉ែ) ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ព្រះអង្គតែងតែយកព្រះទ័យទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខរបស់កូនចៅប្រជារាស្ត្រ ជាពិសេស ក្នុងគ្រាដែលជួបការលំបាកដូចជាពេលនេះ ។

ឯកឧត្តមក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាល សម្តេចតែងបានគិតគូរ និងយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ដោយមិនទុកឱ្យ ពលរដ្ឋណាម្នាក់ រងទុក្ខដោយមិនមានការដោះស្រាយឡើយ ។

ឯកឧត្តម វេជ្ជបណ្ឌិត បានមានប្រសាសន៍លើកឡើងអំពី«តម្លៃនៃសន្តិភាព» ព្រោះថាសន្តិភាព ជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍ សេរីភាពខាងជំនឿសាសនា ក៏បានធ្វើឱ្យប្រជាជនកម្ពុជា គ្រប់ជាតិសាសន៍ និងគ្រប់សាសនា អាចរស់នៅជាមួយគ្នាដោយសុខដុមរមនា គ្មានជម្លោះសាសនា និងមានការយោគយល់គ្នាទៅវិញទៅមក ក្រោមម្លប់តែមួយ ។ ឯកឧត្តមបញ្ជាក់ទៀតថា ដូច្នេះ យើងទាំងអស់គ្នា ត្រូវដឹងគុណចំពោះស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវ «នយោបាយឈ្នះ-ឈ្នះ» នាំមកនូវសន្តិភាពពេញលេញ និងការបន្តថែរក្សាសន្តិភាពនេះ ដោយរាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ។

ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសហគមន៍ខ្មែរឥស្លាម ឱ្យចូលរួមការពារសន្តិភាព ឱ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ ព្រោះការបំផ្លាញសន្តិភាពគឺងាយស្រួល ប៉ុន្តែការកសាងសន្តិភាពគឺលំបាកណាស់ ។

លោក កេង ប៊ុនណា អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ថ្លៃថ្លា របស់ឯកឧត្តម សុះ មុះសិន ព្រមទាំងប្រតិភូ ជាពិសេសអង្គការមូស្លីមហេលហ្វិន នៅប្រទេសអាឡឺម៉ង់ តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា ដែលបាននាំមកផ្តល់ជូននាឱកាសនេះ ៕
