(ត្បូងឃ្មុំ): រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រគល់ពានរង្វាន់ជ័យលាភី ដល់ក្រុមកីឡាករប៊ូល និងប៉េតង់ (បុរស) ដែលបានចូលរួមប្រកួតដណ្តើមពានឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដើម្បីអបអរសាទរខួបលើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៥ ដែលរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត នៅបរិវេណទីលានប្រកួតខាងមុខអាងទឹកតាវ៉ាន់ ទីរួមខេត្តត្បូងឃ្មុំ ។

បន្ទាប់ពីក្រុមកីឡាករប៊ូល និងប៉េតង់ ចំនួន ២៥ ក្រុម បានប្រកួតពេញមួយថ្ងៃ លោក ប៉េង សម្បត្តិ បានមានប្រសាសន៍ថា ដោយការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការគាំទ្រ និងជំរុញគ្រប់សកម្មភាពកីឡា ដើម្បីលើកកម្ពស់សុខភាព គុណភាពជីវិត និងកសាងធនធានកីឡាសម្រាប់ប្រទេសជាតិ ។

លោកអភិបាលរងខេត្តបានគូសបញ្ជាក់ពីសារៈសំខាន់នៃកីឡាប៊ូល និងប៉េតង់ ដែលជាប្រភេទកីឡាមួយជួយដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ការលេងកីឡានេះ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមធ្យោបាយដ៏ល្អក្នុងការហាត់ប្រាណ ពង្រឹងសាច់ដុំ បង្កើនស្មារតីសាមគ្គីភាព និងទទួលបានសុខភាពល្អផងដែរ ។

លើសពីនេះ លោក ប៉េង សម្បត្តិ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើងប្រកបដោយភាពជោគជ័យ ។

លោកអភិបាលរងខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជន ឲ្យបន្តចូលរួម និងគាំទ្រសកម្មភាពកីឡាគ្រប់ប្រភេទ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យកីឡានៅក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេស ។

ជាលទ្ធផល នៃការប្រកួតផ្ដាច់ព្រ័ត្រ វិញ្ញាសាវាយគូ ៣ ទល់ ៣ (បុរស) រួមមាន ចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុមកីឡាករ ឃ្លាំង ដោយទទួលបានពាន ១ ទង់អនុស្សាវរីយ៍ ១ និងថវិកា ចំនួន ១ លានរៀល ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមកីឡាករ មាសសុទ្ធ ដោយទទួលបានទង់អនុស្សាវរីយ៍ ១ និងថវិកា ចំនួន ៨០ ម៉ឺនរៀល ចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុម CPP1 ដោយទទួលបានទង់អនុស្សាវរីយ៍ ១ និងថវិកា ចំនួន ៦០ ម៉ឺនរៀល ចំណាត់ថ្នាក់លេខ ៤ បានទៅលើក្រុម ត្រពាំងថ្ម ដោយទទួលបានទង់អនុស្សាវរីយ៍ ១ និងថវិកា ចំនួន ៣០ ម៉ឺនរៀលផងដែរ ៕
