( ត្បូងឃ្មុំ ): តាមទំនៀមទម្លាប់ប្រពៃណីដែលមានតាំងពីយូរលង់មក សម្រាប់ប្រជាពលរដ្ឋខ្មែរយើងក្នុងព្រះរាជាណាចក្រកម្ពុជា តែងតែប្រារពពិធីបុណ្យកឋិនទាន ដង្ហែរមកកាន់ វត្តនិមួយៗយាមជួរដងទន្លេ តែងតែរៀបចំពិធីអុំទូក ង ដើម្បីអបអរទទួលពិធីអង្គឋិនទានដែលដង្ហែរចូលវត្តនៅក្នុងភូមិរបស់ខ្លួន នាព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ ព្រះសទ្ធាភិញាណ វ៉ាន ដាវី (សុវណ្ណចន្ទត្ថេរោ) ព្រះរាជាគណៈកិត្តិយស និងព្រះអនុគណស្រុកត្បូងឃ្មុំ បានរៀបចំពិធីអុំទូកខ្នាតខ្លីបែបសហគមន៍ នៅក្នុងព្រែកពាម ដើម្បីអបអរសាទរ ពិធីបុណ្យកឋិនទាន ដង្ហែរមកកាន់ វត្តពាមមង្គល (វត្តពាម) ស្ថិតនៅភូមិព្រែកពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ពិធីប្រណាំងទូកខ្នាតខ្លីនេះ មានរយៈពេល ២ ថ្ងៃ គឺនៅរសៀលថ្ងៃទី ៣០ ដល់រសៀលថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ លោក សេង សុខខឿន អភិបាលស្រុកដោយមានការចូលរួមពី សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ និងលោក អឿន សំអាង ប្រធានក្រុមប្រឹក្សាស្រុក ។

បើតាមព្រះថេរៈដីការ របស់ ព្រះសទ្ធាភិញាណ វ៉ាន ដាវី ព្រះអនុគណស្រុកត្បូងឃ្មុំ ការប្រារពនៅកម្មវិធីប្រណាំងទូកនេះ គឺដើម្បីបង្ករបរិយាកាសកំសាន្តសប្បាយ ក្នុងពិធីបុណ្យកឋិនទាន ព្រមទាំងបង្ហាញពីសាមគ្គីក្នុងនាមជាប្រជាជនខ្មែរតែមួយ រស់ក្រោមដំបូលនៃសុខសន្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាយើង ហើយជាការរក្សានៅប្រពៃណីវប្បធម៌ អត្តសញ្ញាណដូនតាខ្មែរកុំឱ្យបាត់បង់ផងដែរ ។

ជាមួយគ្នានោះ លោក សេង សុខខឿន អភិបាលស្រុក ក៏បានលើកឡើងផងដែរថា នេះមិនមែនទើបតែជាលើកទីមួយទេ ដែលស្រុកត្បូងឃ្មុំរៀបចំពិធីប្រណាំងទូកនេះ គឺជារៀងរាល់ឆ្នាំគឺតែងតែមានការប្រារព្ធនៅការប្រណាំងទូកនេះជារឿយៗ ហើយក្នុងឆ្នាំ២០២៥នេះ ការប្រណាំងទូកក្នុងស្រុកត្បូងឃ្មុំ គឺមានការលើកពេលរហូតដល់ថ្ងៃនេះ ដោយសារមើលឃើញពីសភាពការប្រទេសកម្ពុជាកំពុងមានសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ ហើយដោយមានកិច្ចព្រមព្រៀងសន្តិភាពរវៀងកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ កន្លងមកនេះ ទើបរដ្ឋបាលស្រុកសម្រេចរៀបចំពិធីនេះឡើង ក្នុងន័យដើម្បីសាទរដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពនេះ ដែលសន្តិភាពពិតជាមានសារៈសំខាន់ណាស់ ក្នុងកាលៈទេសៈដែលកម្ពុជាត្រូវបានឈ្លានពានពីកងទ័ពថៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការអត់ធ្មត់ យកចិត្តទុកដាក់រក្សាបទឈប់បាញ់ រហូតឈានឆ្ពោះទៅការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរនេះ ដោយមានវត្តមានប្រធានាធិបតីអាមេរិក ឯកឧត្តម ដូណាល់ត្រាំ និង ប្រធានាធិបតីម៉ាឡេស៊ី ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម ដែលធ្វើឱ្យប្រទេសកម្ពុជា-ថៃអាចធ្វើការចចាររកសន្តិភាពជូនប្រជាជនបាន ។

គួររលឹកផងដែរថា៖ ការរៀបចំពិធីអុំទូកខ្នាតខ្លីបែបសហគមន៍ នៅក្នុងព្រែកពាមនេះ គឺក្នុងឱកាសបុណ្យកឋិនទាន តាមបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយការដង្ហែរកឋិនទានវត្តពាមមង្គល (វត្តពាម) គឺផ្តល់បរិយាកាសញ៉ាំងប្រជាពលរដ្ឋក្នុងស្រុកត្បូងឃ្មុំ បានឱកាសបំពេញបុណ្យកុសល្យ ព្រមទាំងបានទស្សនានូវទិដ្ឋភាពពិធីប្រណាំងទូកខ្នាតខ្លី ក្នុងស្រុកត្បូងឃ្មុំនេះផងដែរ ៕
