 
(ត្បូងឃ្មុំ)៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈប្រតិភូអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ និងក្រសួងសេដ្ឋកិច្ច បានអញ្ជើញចុះពិនិត្យ នឹងវាយតម្លៃ ដំណាក់កាលទី ១ លើការងារថែទាំប្រចាំ ផ្លូវ ចំនួន ៩ខ្សែ ដោយក្រាលកៅស៊ូ DBST មានប្រវែងសរុប ៩១,៩៦០ ម៉ែត្រ មានទទឹង ៥ម៉ែត្រ ៥,៥ម៉ែត្រ និង ៦ម៉ែត្រ។
 
ផ្លូវទាំង ៩ ខ្សែនេះ ស្ថិតក្នុងឃុំទួលសូភី ភ្ជាប់ទៅឃុំកោងកាង ឃុំមហាលាភ ឃុំកក់ ឃុំវាលម្លូ ឃុំគងជ័យ ឃុំព្រះធាតុ និងឃុំពង្រ សង្កាត់សួង សង្កាត់វិហារលួង រវាងស្រុកអូររាំងឪ ស្រុកពញាក្រែក ក្រុងសួង ខេត្តត្បូងឃ្មុំ និង ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលអនុវត្តគម្រោងដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ (គម្រោង DRR-RM-2025-No.033)។
 
លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រួមនឹងមន្រ្តីជំនាញ បានរាយការណ៍ជូនគណៈប្រតិភូអន្តរក្រសួង អំពីការងារថែទាំប្រចាំ ផ្លូវទាំង ៩ខ្សែនេះ ដោយក្នុងនោះមន្ទីរ បានយកចិត្តទុកដាក់ និងថែទាំជាប់ជាប្រចាំ លើការកៀរសម្រួល ការចាក់បំពេញដី និងចាក់ល្បាយក្រួសបន្ថែមផងដែរ ។
 
បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងតាមគម្រោងនីមួយៗរួចមក គណៈកម្មការអន្តរក្រសួង ក៏បានប្រជុំសម្រេចវាយតម្លៃបញ្ចប់សុពលភាពលើគម្រោង ដោយពិនិត្យឃើញថា សំណង់នៅរក្សាគុណភាព និងសោភ័ណភាពបានល្អត្រឹមត្រូវ ទៅតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យា ១០០ភាគរយ។
 
នាឱកាសនេះ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ បានលើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញការងារសាងសង់ ការងារស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ដើម្បីបង្កភាពងាយស្រួល ក្នុងការប្រើប្រាស់ និងធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។
 
លោកជំទាវ អនុរដ្ឋលេខាធិការ បន្តថា ផ្លូវ គឺជាសរសៃឈាម ដែលមិនអាចកាត់ផ្តាច់បាន ក្នុងការជំរុញ អន្តរកម្មទាំងផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍន៍ បង្កើនធនធានមនុស្ស និងសង្គម ជាពិសេសបង្កើនលទ្ធភាពនៃការទទួលបានសេវាសាធារណៈ ដែលទាំងអស់នេះសុទ្ធតែជាផ្នែកសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ។
 
លោកជំទាវ ឯក គន្ធវារី បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចការងារ ប្រកបដោយគុណភាព និងគុណតម្លៃ ដែលនេះ ជាផ្នែកមួយដ៏សំខាន់ ចូលរួមជាមួយរាជរដ្ឋាភិបាល រក្សាបានគុណភាពផ្លូវ ជូនដល់អ្នកប្រើប្រាស់បានយូរអង្វែង។
 
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ឯក គន្ធវារី ក៏បានស្នើរដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ដែលមាននាទីទទួលបន្ទុកថែទាំបន្ដ សូមសហការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវទាំងនេះ ចូលរួមថែរក្សាឱ្យបានល្អប្រសើរ ធានាបានការប្រើប្រាស់យូរអង្វែង ក្នុងមូលដ្ឋាន៕
 
  
  
  
  

 
 
							 
							