សេចក្តីប្រកាសព័ត៌មាន : 
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ នាវេលាម៉ោង ១០:២០ នាទីព្រឹកមិញនេះ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី ៤ កម្ពុជា និងកងទ័ពភូមិភាគទី ២ ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ។
 
ភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងភាគីថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងប្រចាំនៅប្រទេសថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ។
 
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សា និងរៀបចំនូវផែនការជាក់លាក់ ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា។ កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី ២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈ ។
 
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដើម្បីបង្ហាញពីកាយវិការប្រកបដោយសុច្ឆន្ទៈ ភាគីទាំងពីរបានធ្វើការដកដោយផ្នែកនៃជំហានទីមួយ សម្រាប់ជានិមិត្តរូប ដោយបានដករថពាសដែកចំនួន ២គ្រឿងរបស់ភាគីម្ខាងៗឱ្យត្រឡប់ទៅកាន់ទីតាំងដើមវិញ ដែលបានធ្វើឡើងកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ០៩:០០ នាទីយប់ ។
 
កិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានសម្រេចនូវការរីកចម្រើនជាវិជ្ជមានគួរឱ្យកត់សម្គាល់តាមរបៀបវារៈនៃកិច្ចប្រជុំ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នាពេលរសៀល ។
 
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជា ព័ត៌មាន ។
 
ថ្ងៃសុក្រ ១០ កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ខេត្តឧត្តរមានជ័យ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥

 

 
 
							 
							