You are currently viewing គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំជំរុញពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំជំរុញពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ

(ត្បូងឃ្មុំ): ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលកិច្ចប្រជុំនេះ នារសៀលថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ។

 

ឯកឧត្តមអភិបាលខេត្តបានសម្ដែងការសាទរជាឱឡារិក បន្ទាប់ពីតាមដានយ៉ាងយកចិត្តទុកដាក់ នូវដំណើរការចរចាសន្តិភាព រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ រហូតឈានដល់កិច្ចចុះហត្ថលេខាលើ «សេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព គូឡាឡាំពួ» នៅទីក្រុង គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ។

 

ឯកឧត្តមបានលើកឡើងថា នេះគឺជាជំហ៊ានវិជ្ជមានដ៏សំខាន់ ដើម្បីឈានទៅរកប្រក្រតីភាព នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនដែលមានជម្លោះ ទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍រួម ។

 

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងឯកឧត្តម អានុទីន ចាន់វីរៈគុល នាយករដ្ឋមន្រ្តីថៃ ដែលបានចូលរួមដំណើរការចរចាប្រកបដោយជោគជ័យ ។

 

ឯកឧត្តម ប៉ែន កុសល្យ បានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ឯកឧត្តម អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ព្រមទាំងការគាំទ្រ ពីសាធារណរដ្ឋប្រជាមានិតចិន និងសហគមន៍អន្តរជាតិ ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏មុតស្រួច របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធនាការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលយុទ្ធនាការនេះ ទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ សហការចុះប្រតិបត្តិការ និងបង្រ្កាប ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មបច្ចេកវិទ្យានេះយ៉ាងសស្រាក់សស្រាំ និងឈានដល់ការបំបែកបំបាក់ក្រុមឧក្រិដ្ឋជន ដែលភាគច្រើនជាជនបរទេស ក្នុងនោះដែរ ត្រូវគ្រប់គ្រងទិន្នន័យជនបរទេសដែលកំពុងរស់នៅ និងប្រកបរបរអាជីវកម្មផ្សេងៗក្នុងមូលដ្ឋានខេត្ត ដើម្បីផ្តល់ភាពងាយស្រួលក្នុងការជួយសង្គ្រោះបានទាន់ពេលវេលា ចំពោះហេតុការណ៍ដែលអាចកើតមានជាយថាហេតុ ។

ឯកឧត្តមអភិបាលខេត្តបានជម្រុញដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ព្រមទាំងប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ឱ្យពង្រឹងរបៀបរបបការងារដល់មន្ត្រី ដើម្បីបំពេញការងារប្រចាំថ្ងៃ ឱ្យកាន់តែល្អប្រសើរ ព្រមទាំងជំរុញការអនុវត្តនីតិវិធីការងារ ធានាបាននូវដំណើរការការងារកាន់តែមានភាពរលូន ឆាប់រហ័ស ទាន់ពេលវេលា ក្នុងគោលបំណងអភិវឌ្ឍន៍ការងារក្នុងក្របខណ្ឌរដ្ឋបាលខេត្ត ឱ្យកាន់តែល្អប្រសើរថែមទៀត ក្នុងនោះស្នងការដ្ឋាននគរបាលខេត្ត និងអាជ្ញាធរក្រុង-ស្រុក ត្រូវផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជាពិសេស សម្រួលដល់បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ។

ឯកឧត្តមអភិបាលខេត្តបានបន្តណែនាំដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់បន្ថែមទៀតថា ត្រូវត្រៀមលក្ខណៈ ក្នុងឱកាសខេត្តត្បូងឃ្មុំយើង នឹងរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ២០២៥ នាពេលខាងមុខនេះ ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាននូវភាពសប្បាយរីករាយ និងមានសន្តិសុខសុវត្ថិភាពគ្រប់ជ្រុងជ្រោយទូទាំងខេត្ត ក្នុងពេលធ្វើដំណើរទស្សនាកម្សាន្តតាមតំបន់ទេសចរណ៍នានា ៕