( ត្បូងឃ្មុំ ): មន្ត្រីសមត្ថកិច្ចជំនាញរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ បានចុះល្បាត ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ក្នុងភូមិសាស្ត្រឃុំមៀន និងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃពុធទី ៣ ខែកញ្ញា ឆ្នាំ ២០២៥ ។

កិច្ចប្រត្តិប្បត្តការបង្ក្រាបនេះ ដឹកនាំដោយលោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហការជាមួយក្រុមការងារមកពីរដ្ឋបាលជលផល កម្លាំងយោធាភូមិភាគ ២ រដ្ឋបាលឃុំមៀននិងឃុំព្រះធាតុ ស្រុកអូរាំងឪ ដោយមានការចូលរួមពីគណៈកម្មការសហគមន៍នេសាទបឹងកំពិត សរុបចំនួន ១២ នាក់ ។

ដោយបានរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទស្បៃមុងខុសច្បាប់ ស្មើ៨ ១ ករណី រួមមាន លូស្បៃមុងចំនួន ២៦ មាត់ របាំងស្បៃមុងចំនួន ៧៦៩ ម៉ែត្រ បង្គោលជម្រឹងចំនួន ២៦០ ដើម និងចាក់កូនត្រីចម្រុះលែងចូលទៅក្នុងបឹងធម្មជាតិវិញចំនួនទម្ងន់ ៥០ គីឡូក្រាម ។

លោក សេង ប៊ុនសុង នាយខ័ណ្ឌរដ្ឋបាលផលខេត្តត្បូងឃ្មុំ និងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានឲ្យដឹងនារសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ ដូចគ្នាថា កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ កម្លាំងយោធាភូមិភាគ ២ កម្លាំងគណៈបញ្ជាការឯកភាពស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ស្រុកតំបែរ មានការចូលរួមពីកម្លាំងគណៈកម្មការសហគមន៍នេសាទ បានចុះបង្រ្កាបបទល្មើសជលផលគ្រប់ប្រភេទ សរុបចំនួន ៦៧ លើក សម្រេចបាន ៤២ ករណី បញ្ជូនទៅសាលាដំបូងចំនួន ៨ ករណី (ពាក់ព័ន្ធករណីកាប់ឆ្ការគាស់រានឈូសឆាយដីព្រៃលិចទឹក) វត្ថុតាងរឹបអូសបំផ្លាញចោល រួមមាន លូស្បៃមុង ៣៩៧ មាត់ របាំងស្បៃមុង ប្រវែង ១៣.៧៧៩ ម៉ែត្រ បានប្រគល់ជូនសម្រាប់ការពាលានដ្ឋាននៅសមរភូមិជួរមុខ តាមរយៈកម្លាំងយោធាវរៈ ២២៤ ប្រវែង ២២៤ ម៉ែត្រ បង្គោល ៥.៦៩១ ដើម ដុំឆក់ ២ គ្រឿង ដងឆក់ ១ គូរ អាគុយ ២ គ្រឿង សម្រាសធ្វើឱ្យត្រីកុំ ១៤ ដុំ ៥០ ម៉ែត្រការ៉េ អ៊ួនហ៊ុមរួមផ្សំលូស្បៃម៉ុង ១ វង់ ប្រវែង ៤០ ម៉ែត្រ កាំបិតក្វែងដងវែង ៣ ដើម ចាក់លែងកូនត្រីចម្រុះចូលក្នុងទឹកធម្មជាតិវិញ ចំនួន ២.១៤៦ គីឡូក្រាម ចុះបិទផ្សាយសេចក្ដីជូនដំណឹងស្ដីពីរដូវបិទនេសាទ តាមបណ្ដាឃុំជាប់ដែននេសាទ សរុប ១៤ លើក ប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីជលផលនិងលិខិតបទដ្ឋានគតិយុត្តិនានាពាក់់ព័ន្ធវិស័យជលផល ដល់ប្រជាពលរដ្ឋ ៕
