( ត្បូងឃ្មុំ )៖ សម្ដេចព្រះឧត្តមមុនី ជា សំអាង ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បាននិមន្តជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសិតព្រះពុទ្ធបដិមា សាងអំពីលោហៈ នៅវត្តសិបណយារាម (វត្តចំបក់) ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។
ការសិតព្រះបដិមាករនេះ គឺដើម្បីបានជាសារៈប្រយោជន៍ដល់ពុទ្ធបរិស័ទជិតឆ្ងាយបានគោរពបូជា ហើយបានរក្សានៅតម្លៃវប្បធម៌ និងព្រះពុទ្ធសាសនាផងដែរ។
សម្ដេចព្រះអគ្គាធិការរង បានមានបន្ទូលផ្តាំផ្ញើដល់ពុទ្ធបរិស័ទទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នា និងចូលរួមគោរពថែរក្សាព្រះពុទ្ធបដិមាធ្វើអំពីលោហៈស្ពាន់នេះ ឱ្យគង់វង្សសម្រាប់ជាទីនឹករលឹកដល់អង្គព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើង។
បើតាមការឱ្យដឹងពីព្រះមហាធម្មបាល ឈឿន សុឈី ព្រះចៅអធិការវត្តសិបណយារាម(ចំបក់) បានមានថេរៈដីការថា៖ “ព្រះពុទ្ធបដិមា សាងអំពីលោហៈ(ស្ពាន់)នេះ មានកម្ពស់២ម៉ែត្រ មានព្រះនាមថា ព្រះអភ័យមុទ្រ កសាងឡើងដើម្បីតំកល់ទុកក្នុងព្រះឧបដ្ឋានសាលា វត្តសិបណយារាម(វត្តចំបក់) ដើម្បីពុទ្ធនរិស័ទបានគោរពបូជា។”
ព្រះអង្គបន្តថា ក្នុងការកសាងព្រះពុទ្ធបដិមានេះ គឺមានការចូលរួមបច្ច័យពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា និងលោកអ្នកសារធុសប្បុរសជន ពុទ្ធបរិស័ទទាំងទីជិតឆ្ងាយផងដែរ៕
