(ត្បូងឃ្មុំ): លោក ប៉េង សម្បត្តិ និងលោក គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព លើការអនុវត្តការងាររបស់គណៈកម្មការដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងសាងសង់ផ្លូវជាតិលេខ ៧២ កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦ នៅសាលប្រជុំសាលាស្រុកពញាក្រែក ។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានចុះពិនិត្យដោយផ្ទាល់នៅទីតាំងភូមិសាស្ត្រដែលរងផលប៉ះពាល់ ស្ថិតនៅក្នុងឃុំក្រែក និងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ។

គោលបំណងនៃកិច្ចប្រជុំ និងការចុះពិនិត្យទីតាំងផ្ទាល់នាពេលនេះ គឺដើម្បីជំរុញការអនុវត្តការងាររបស់គណៈកម្មការដោះស្រាយផលប៉ះពាល់ ឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព សំដៅធានាឱ្យដំណើរការសាងសង់ផ្លូវជាតិលេខ ៧២ ប្រព្រឹត្តទៅបានលឿនតាមផែនការដែលបានកំណត់ ផ្លូវជាតិលេខ ៧២ គឺជាខ្សែផ្លូវសេដ្ឋកិច្ចដ៏សំខាន់ ដែលជាប់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កម្ពុជា-វៀតណាម ដើម្បីជួយសម្រួល ដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញចេញចូល របស់ប្រជាពលរដ្ឋក្នុងតំបន់ ពិសេសកសិផល ឱ្យកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា ។

លោកអភិបាលរងខេត្ត ក៏បានណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការគ្នា ឱ្យបានជិតស្និទ្ធក្នុងការសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយឈរលើគោលការណ៍ច្បាប់ និងការយោគយល់គ្នាខ្ពស់ ដើម្បីឱ្យគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដ៏មានសារៈសំខាន់នេះ សម្រេចបានជោគជ័យ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល ៕
