You are currently viewing ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តជម្ពូសុវណ្ណ (ហៅវត្តត្រពាំងព្រីង) ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តជម្ពូសុវណ្ណ (ហៅវត្តត្រពាំងព្រីង) ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន រួមនឹងឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា និង លោកជំទាវ និងមានការអញ្ជើញចូលរួមដោយឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម-លោកជំទាវ សមាជិក-សមាជិការដ្ឋសភា ទីប្រឹក្សា ជំនួយការខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ រដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក-នាយករង នាយក-នាយកទីចាត់ការ ព្រមទាំងមន្រ្តីរាជការ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំង បី រួមទាំងញាតិមិត្តជិតឆ្ងាយ ប្រជាពុទ្ឋបរិស័ទចំណុះជើងវត្ត បានប្រារព្ធពិធីបុណ្យកាន់បិណ្ឌ រាប់បាត្រ វេនទី១១ នៅវត្តជម្ពូសុវណ្ណ (ហៅវត្តត្រពាំងព្រីង) ស្ថិតក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃព្រហស្បតិ៍១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន និងឯកឧត្តម វង សូត និងលោកជំទាវ រួមនឹងឯកឧត្តម ឡុង ធាម និងឯកឧត្តម ប៉ែន កុសល្យ ព្រមទាំងអ្នកចូលរួមទាំងអស់ បានបូជា ទៀន ធូប ផ្កាភ្ញី ចំពោះព្រះរតនត្រៃ រាប់បាត្រ និងបាននាំយកនូវទេយ្យទាន មានជាគ្រឿងឧបភោគ-បរិភោគ ភេសជ្ជៈ និងបច្ច័យប្រគេនព្រះសង្ឃ ដោយសទ្ធាជ្រះថ្លាជាទីបំផុត។

នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្ត ចំនួន ៥០ម៉ឺនរៀល និងប្រគេនបច្ច័យចំនួន ១០លានរៀល ទុកសម្រាប់កសាងសមិទ្ធិផលនានា ក្នុងវត្ត និងបានប្រគេនបច្ច័យព្រះសង្ឃ៩អង្គ ក្នុង ១អង្គៗ សាដក ១ និងបច្ច័យ១០ម៉ឺនរៀល។ ដោយឡែក យាយជី តាជី ២០០នាក់ ក្នុងម្នាក់ៗ ក្រម៉ា ១ និងថវិកា ២ម៉ឺនរៀល។ ចំពោះទេយ្យទាន-ទេយ្យវត្ថុ និងគ្រឿងឧបភោគ-បរិភោគ ដែលបានប្រគេន ព្រះសង្ឃ ក្នុងវត្តជម្ពូសុវណ្ណ (ហៅវត្តត្រពាំងព្រីង) រួមមាន៖ អង្ករ ៥បាវ, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធ ៥កេស, ទឹកត្រី ៥យួរ, ទឹកស៊ីអ៊ីវ ២យួរ, ទឹកដោះគោខាប់ចំនួន ១កេស, ស្ករសរ ១បេ, តែ ៥គីឡូក្រាម, ត្រីខ ១កេស, មីជាតិ ១កេសធំ, ទឹកផ្លែឈើ ៥កេស, ផ្លែឈើ ៥កន្ត្រក រួមនឹងទេយ្យវត្ថុ និងគ្រឿងឧបភោគ-បរិភោគ ជាច្រើនទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមនឹងឯកឧត្តម វង សូត និង លោកជំទាវ ព្រមជាមួយឯកឧត្តម ឡុង ធាម និងឯកឧត្តម ប៉ែន កុសល្យ ក៏បានឧទ្ទិសនូវកុសលផលបុណ្យ ក្នុងឱកាសនោះ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតា-បិតា ជីដូន-ជីតា ញាតិការទាំង ៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន សូមបានដល់ដួងវិញាណក្ខន្ធ អស់លោកទាំងអស់ និងក៏សូមឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធ វីរកងទ័ពកម្ពុជា ដ៏អង់អាចក្លាហាន ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំបែបពុទ្ធសាសនាមួយ នៅក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរ នាំគ្នាប្រារព្ធធ្វើឡើង មិនដែលអាក់ខានឡើយ ជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៤រោច ដែលមាន រយៈពេល ១៤ថ្ងៃ ហៅថាបុណ្យកាន់បិណ្ឌ នៅថៃ្ង១៥រោច គឺជាថៃ្ង «ភ្ជុំបិណ្ឌ» ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកចាកឋានរំលាយក្ខន្ធហើយ បានទៅកាន់សុគតិភព៕