(ត្បូងឃ្មុំ) ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ រួមជាមួយនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលខេត្ត និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ អញ្ជើញចូលរួមកាន់បិណ្ឌ រាប់បាត្រ វេនទី៨ នៅវត្តសេតហត្ថី (វត្តដំរិល) ស្ថិតនៅភូមិដំរិលទី១ ឃុំដំរិល ស្រុកអូររាំង ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ឯកឧត្តម ប៉ែន កុសល្យ និងលោកជំទាវ ឡេង សុខា ព្រមទាំងប្រតិភូរួមដំណើរ និងប្រជាពុទ្ធបរិស័ទ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការព្រះរតនត្រ័យ សមាទានសីល រម្លឹកដល់គុណព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងដារពិស្ដាររាប់បាត្រ និងប្រគេននូវទេយ្យទាន-ទេយ្យវត្ថុ គ្រឿងឧបភោគ-បរិភោគ និងបច្ច័យមួយចំនួន វេរប្រគេនចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្ដសេតហត្ថី (វត្តដំរិល)ផងដែរ។
តាមរយៈសទ្ធាដ៏ជ្រះថ្លារបស់ឯកឧត្តម ប៉ែន កុសល្យ និងសហការី ក្នុងឱកាសកាន់បិណ្ឌ ភ្ជុំបិណ្ឌ វេនទី៨ នេះ មគ្គផលដែលទទួលបាន សូមឧទ្ទិសកុសលផលបុណ្យ ដែលកើតឡើងពីសទ្ធាដ៏ថ្លៃថ្លានេះ ជូនចំពោះវិញ្ញាណក្ខន្ធ ញាតិការទាំង ៧សណ្តាន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ព្រមទាំងឧទ្ទិសកុសល ជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ព ដ៏អង់អាចក្លាហាន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ ការពារមាតុភូមិ លើបញ្ហាព្រំដែន ដែលចោរសៀម បានឈ្លានពានមកលើទឹកដីកម្ពុជាយើង។
វត្តសេតហត្ថី (វត្តដំរិល) បានក្លាយជាទីកន្លែងដ៏សំខាន់សម្រាប់ការប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៨ នេះ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការ-មេបញ្ជាការង កងកម្លាំងទាំង បី ប្រធានពន្ធនាគាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរ អង្គភាព មន្ត្រីរាជការជុំវិញខេត្ត អភិបាល-អភិបាលរង មន្ត្រីរាជការ នៃរដ្ឋបាលស្រុក និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
ពិធីបុណ្យកាន់បិណ្ឌ នៅតាមបណ្តាវត្តនានា ក្នុងប្រទេសកម្ពុជា គឺជាទំនៀមទម្លាប់ប្រពៃណី ដ៏ល្អផូរផង់របស់ប្រជាជនខ្មែរ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ដែលបានចែកឋានទៅហើយ និងដើម្បីសុំសេចក្តីសុខចម្រើន ដល់ប្រទេសជាតិ និងប្រជាជន។ វត្តអារាមនានា បានរៀបចំយ៉ាងល្អប្រសើរ ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិដែលមកចូលរួមកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ៕

8
