You are currently viewing កិច្ចប្រជុំសាមញ្ញលើកទី ១៦ អាណត្តិទី ៤ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈ សំខាន់ៗចំនួន ៥ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

កិច្ចប្រជុំសាមញ្ញលើកទី ១៦ អាណត្តិទី ៤ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈ សំខាន់ៗចំនួន ៥ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

( ត្បូងឃ្មុំ ): ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត លើរបៀបវារៈសំខាន់ៗ ចំនូន ៥ ដោយបានធ្វើឡើង នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ។

កិច្ចប្រជុំដ៏មានសារៈសំខាន់ ជួយលើការងារតម្រង់ទិសសម្រាប់រដ្ឋបាលខេត្ត នាពេលនេះ ប្រព្រឹត្តិទៅតាមរបៀបវារៈ ចំនួន០៥ រួមមាន:៖
១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។


២- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ។
៣- ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែសីហា ឆ្នាំ២០២៥។


៤- ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីណែនាំ ស្ដីពីដំណើរការរៀបចំ និងកសាងកម្មវិធីវិនិយោគ បី ឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលខេត្ត។
៥- បញ្ហាផ្សេងៗ
ស្ដាប់របាយការណ៍ របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត ។

នាឱកាសនោះ កិច្ចប្រជុំទាំងមូល បានធ្វើការពិនិត្យ និង ពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ សមាជិកនៃអង្គប្រជុំក៏បានលើកនូវសមិទ្ធិផលនានា របស់រដ្ឋបាលខេត្ត ជាពិសេសជំរុញលើការងារធ្វើផែនការ ព្រមទាំងបញ្ហាមួយចំនួនផងដែរ ។

បន្ទាប់ពីលោក សេង ជ័យវុធ នាយករដ្ឋបាល សាលាខេត្ត បានអានរបាយការណ៍ជូនដល់កិច្ចប្រជុំជ្រាបរួចមក ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ទីរ អង្គភាព ជុំវិញខេត្ត និងអង្គភាពចំណុះសាលាខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងការងារធ្វើផែនការ ក៏ដូចជាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាន តាមក្រុង/ស្រុក ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព នូវការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា និងការទប់ស្កាត់បង្រា្កបឲ្យខានតែបានរាល់បទល្មើសផ្សេងៗ ស្របតាមបំណងប្រាថ្នា របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអនុវត្តបានស្របទៅតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព មន្ត្រីរាជនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើរនាពេលកន្លងមក និងសូមបន្តសកម្មភាពការងារល្អៗទាំងនេះ ធ្វើឲ្យខេត្តត្បូងឃ្មុំយើង កាន់តែមានការអភិវឌ្ឍរីកចម្រើន និងសម្រេចទទួលបានសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត ។

ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការរៀបចំកម្មវិធីវិនិយោគ បី ឆ្នាំរំកិលនេះ ជាផ្នែកមួយយ៉ាងសំខាន់ នៃផែនការអភិវឌ្ឍន៍ ក៏ដូចជាសកម្មភាពជាក់ស្ដែង ដោយមានពេលវេលាច្បាស់លាស់ សំដៅលើការលើកកម្ពស់ ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍនៅក្នុងខេត្ត រយៈពេល បី ឆ្នាំ ព្រមទាំងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ ស្របតាមក្របខ័ណ្ឌចំណាយរយៈពេលមធ្យម របស់រដ្ឋបាលខេត្ត ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ ដល់បណ្ដាមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង/ស្រុក ត្រូវបង្កើនការទទួលខុសត្រូវ យកចិត្តទុកដាក់ និងអនុវត្តតាមការណែនាំ របស់ក្រុមការងារកសាងផែនការ នៃគម្រោងសកម្មភាព ជាអាទិភាព ដើម្បីធានាបានថា ការរៀបចំកម្មវិធីវិនិយោគនេះ សម្រេចបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។

ជាចុងក្រោយ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍បន្ថែមថា តាមរយៈកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងនូវមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម-លោកជំទាវ សមាជិក-សមាជិកា លោក-លោកស្រី ដែលបានចូលរួមទាំងអស់ ដោយបានបង្ហាញឱ្យឃើញថា ដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ៕