You are currently viewing លោក ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាទៅប្រគល់ជូនដល់វីរយុទ្ធជននៃកងពលថ្មើរជើងលេខ ២១ ដែលកំពុងឈរជើងយ៉ាងរឹងមាំ បំពេញភារកិច្ចការពារជាតិនៅទិសទី ៣ ក្នុងខេត្តឧត្តរមានជ័យ

លោក ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាទៅប្រគល់ជូនដល់វីរយុទ្ធជននៃកងពលថ្មើរជើងលេខ ២១ ដែលកំពុងឈរជើងយ៉ាងរឹងមាំ បំពេញភារកិច្ចការពារជាតិនៅទិសទី ៣ ក្នុងខេត្តឧត្តរមានជ័យ

( ត្បូងឃ្មុំ ): លោក ម៉ៅ ឌុង អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ត្បូងឃ្មុំ បានដឹកនាំគណៈប្រតិភូខេត្តចុះជួបសំណេះសំណាល និងឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាទៅប្រគល់ជូនដល់វីរយុទ្ធជននៃកងពលថ្មើរជើងលេខ ២១ ដែលកំពុងឈរជើងយ៉ាងរឹងមាំ បំពេញភារកិច្ចការពារជាតិនៅទិសទី ៣ ក្នុងខេត្តឧត្តរមានជ័យ រួមមាន គ្រឿងឧបភោគ បរិភោគជាច្រើនមុខ រួមជាមួយនឹងមធ្យោបាយដឹកជញ្ជូនដ៏ចាំបាច់បំផុតសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ រួមមាន រថយន្តចំនួន ១ គ្រឿង និងម៉ូតូចំនួន ៥ គ្រឿង កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៥ ក្រោមពន្លឺនៃស្មារតីស្នេហាជាតិ និងការយកចិត្តទុកដាក់ ដ៏ជ្រាលជ្រៅ ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលជាខែលការពារបូរណភាពទឹកដីកម្ពុជាយើង ។


ដំណើរចុះសួសុខទុក្ខនេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតី “គាំទ្រខ្សែត្រៀមជួរមុខ” ដែលថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំតែងតែចាត់ទុក ជាអាទិភាព ។


លោក ម៉ៅ ឌុង បានមានប្រសាសន៍ថា អំណោយទាំងនេះ មិនត្រឹមតែជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កងទ័ពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសារមួយដ៏ខ្លាំងក្លា បង្ហាញពីការដឹងគុណ ការលើកទឹកចិត្ត និងការទទួលស្គាល់ចំពោះពលីកម្មដ៏ធំធេងរបស់យុទ្ធជនគ្រប់រូប ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីបុព្វហេតុជាតិមាតុភូមិ ។


លោក ម៉ៅ ឌុង បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមអភិបាលខេត្ត និងដោយបានគូសបញ្ជាក់ថា «ការលះបង់របស់បងប្អូនយុទ្ធជនទាំងអស់ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីវីរភាព និងស្មារតីស្នេហាជាតិដ៏មោះមុត ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ សូមចងចាំ និងដឹងគុណជានិច្ចចំពោះគុណបំណាច់ដ៏ធំធេងនេះ យើងទាំងអស់គ្នានៅឯសមរភូមិក្រោយ សូមប្តេជ្ញាគាំទ្រដល់បងប្អូននៅសមរភូមិមុខជានិច្ចនិរន្តរ៍ ដើម្បីឲ្យបងប្អូនមានភាពកក់ក្តៅ និងមានកម្លាំងចិត្តកាន់តែខ្លាំងក្លាក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ» ។


តំណាងនាយទាហាន និងពលទាហាននៃកងពលថ្មើរជើងលេខ២១ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ប្រពៃរបស់ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ដល់សុខទុក្ខរបស់កងទ័ពជានិច្ច។ ការឧបត្ថម្ភគាំទ្រនេះ គឺជាកម្លាំងចលករដ៏សំខាន់ ដែលជួយស្មារតីពង្រឹងសាមគ្គីភាព និងធ្វើឲ្យយុទ្ធជនទាំងអស់មានជំនឿជាក់កាន់តែមុតមាំថា ពួកគេមិនឯកោឡើយក្នុងការបំពេញភារកិច្ចដ៏ពិសិដ្ឋនេះ។


ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំមានប្រសាសន៍ថា មិនមែនគ្រាន់តែជាការប្រគល់សម្ភារៈឧបត្ថម្ភប៉ុណ្ណោះទេ តែវាជាស្ពានតភ្ជាប់ទឹកចិត្ត រវាងប្រជាជន និងកងទ័ព បើទោះបីខេត្តត្បូងឃ្មុំ និងខេត្តឧត្តរមានជ័យមានចម្ងាយភូមិសាស្រ្តឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ ក៏ដួងចិត្តនៃថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរនៅតែរួមសាមគ្គីឯកភាពជាតិ ក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍ ការមកដល់នៃគណៈប្រតិភូ គឺជាការផ្តល់ភាពកក់ក្តៅ និងជាសញ្ញាមួយបញ្ជាក់ថា រាល់ការលះបង់របស់កងទ័ព គឺត្រូវបានប្រជាជននៅទូទាំងប្រទេសទទួលស្គាល់ និងដឹងគុណជានិច្ច។នេះគឺជាគំរូវីរភាពដែលបង្ហាញពីការរួបរួមគ្នារវាងថ្នាក់ដឹកនាំ កងទ័ព និងប្រជាពលរដ្ឋ ដែលជាកម្លាំងមិនអាចខ្វះបានក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ ឲ្យបានគង់វង្សស្ថិតស្ថេរជានិរន្តរ៍សម្រាប់ប្រទេសទាំងមូល។ ការឧបត្ថម្ភនេះ បានបង្ហាញយ៉ាងច្បាស់ថា សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ គឺជាឫសគល់នៃកម្លាំងជាតិ ធ្វើឲ្យកម្ពុជាឈរយ៉ាងមាំទាំលើឆាកអន្តរជាតិ និងធានាបាននូវសុវត្ថិភាពសម្រាប់ប្រជាជនគ្រប់រូប ៕