You are currently viewing ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យ វាយតម្លៃ ផ្លូវបេតុងអាមេ ១ខ្សែ អនុវត្តបាន ៥០% ក្នុងស្រុកត្បូងឃ្មុំ និងប្រគល់-ទទួល នូវសមិទ្ធផលផ្លូវបេតុងអាមេ ក្នុងស្រុកមេមត់ ព្រមទាំងបន្តចុះពិនិត្យទីតាំង ស្នើសុំវិនិយោគបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ ក្នុងស្រុកពញាក្រែក 

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យ វាយតម្លៃ ផ្លូវបេតុងអាមេ ១ខ្សែ អនុវត្តបាន ៥០% ក្នុងស្រុកត្បូងឃ្មុំ និងប្រគល់-ទទួល នូវសមិទ្ធផលផ្លូវបេតុងអាមេ ក្នុងស្រុកមេមត់ ព្រមទាំងបន្តចុះពិនិត្យទីតាំង ស្នើសុំវិនិយោគបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ ក្នុងស្រុកពញាក្រែក 

(ខេត្តត្បូងឃ្មុំ): ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងមន្ត្រីបច្ចេកទេសខេត្ត អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃ ផ្លូវបេតុងអាមេ ០១ខ្សែ ដែលអនុវត្តបាន ៥០% ស្ថិតនៅភូមិចន្ទុំ ក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ និងបន្តចុះត្រួតពិនិត្យ វាយតម្លៃ និងការប្រគល់-ទទួល នូវសមិទ្ធផលផ្លូវបេតុងអាមេ ០១ខ្សែទៀត ក្នុងឃុំដា ស្រុកមេមត់ នៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៥ ព្រមទាំងបន្តចុះពិនិត្យទីតាំង ស្នើសុំវិនិយោគបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ដន ឡៃហ៊ីន នាយករង រដ្ឋបាលសាលាខេត្ត មន្ត្រីបច្ចេកទេស នៃទីចាត់ការ ផែនការ និងវិនិយោគខេត្ត អាជ្ញាធរស្រុក-ឃុំ ជនបង្គោលក្នុងមូលដ្ឋាន ក្រុមហ៊ុនទទួលការសាងសង់ និងអ្នកពាក់ព័ន្ធផងដែរ ។

ការចុះត្រួតពិនិត្យ វាយតម្លៃ និងការប្រគល់-ទទួល ក្នុងឱកាសនេះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត ទទួលបន្ទុកការងារទីចាត់ផែនការ និងវិនិយោគ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ រួមជាមួយមន្ត្រីបច្ចេកទេសខេត្ត មន្រ្តីបច្ចេកទេសគាំទ្រគម្រោងឃុំ និងជនបង្គោលក្នុងមូលដ្ឋាន បានធ្វើការពិនិត្យដោយផ្ទាល់ រួមគ្នា តាមរយៈការពិនិត្យការអនុវត្តលក្ខណៈស្តង់ដាបច្ចេកទេស ដែលចេញដោយលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) មានផ្លូវចំនួន ២ខ្សែ នៃគម្រោងមូលនិធិឃុំឆ្នាំ ២០២៥ រួមមាន
– ទី១-ការចុះត្រួតពិនិត្យ និងវាយតម្លៃ ផ្លូវបេតុងអាមេ ០១ខ្សែ នៃគម្រោងមូលនិធិឃុំជីគរ ស្រុកត្បូងឃ្មុំ ស្ថិតនៅភូមិចន្ទុំ មានប្រវែង ៥៥៨ម៉ែត្រ ទទឹង ៥ម៉ែត្រ និង កម្រាស់ ១៥សង់ទីម៉ែត្រ ដែលអនុវត្តបាន ៥០% ។


-ទី២- ការចុះត្រួតពិនិត្យ វាយតម្លៃ និងការប្រគល់-ទទួល សមិទ្ធផលផ្លូវបេតុងអាមេ ០១ខ្សែ នៃគម្រោងមូលនិធិឃុំដារ ស្រុកមេមត់ ដែលមានប្រវែង ៣០៣ម៉ែត្រ ទទឹង ៤ម៉ែត្រ និងមានកម្រាស់ ១៥សង់ទីម៉ែត្រផងដែរ ។

បន្ទាប់ពីបានចុះត្រួតពិនិត្យដោយផ្ទាល់ លើកំណាត់ផ្លូវបេតុងអាមេទាំង ២ខ្សែ នេះរួចមក ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍ថា ដំណើរការសាងសង់របស់ក្រុមក្រុមហ៊ុន ដែលទទួលបានសិទ្ធអនុវត្តគម្រោង បានអនុវត្តន៍បានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ក្នុងការសាងសង់ផ្លូវ ទៅតាមនីតិវិធីលទ្ធកម្ម ដែលបានចែងក្នុងសៀវភៅណែនាំស្ដីពីការអនុវត្តន៍គម្រោងមូលនីធិឃុំ/សង្កាត់ជាធរមាន ធានាបានតម្លាភាព ប្រកបដោយគុណភាព និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋប្រើប្រាស់បានយូអង្វែង ។

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា បានគូសបញ្ជាក់ថា សមិទ្ធផលដែលកំពុងដំណើរការសាងសង់ និងសាងសង់រួចរាល់ថ្មីៗជាច្រើន នឹងលេចចេញជារូបរាងជាបន្តបន្ទាប់ ក្នុងខេត្តត្បូងឃ្មុំ យើងនេះ គឺកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានរដ្ឋបាលខេត្ត និងរដ្ឋបាលឃុំ/សង្កាត់ ជាសេនាធិការផ្ទាល់ លើការងារអនុវត្តគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំ/សង្កាត់ ដោយមានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ផងដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងអ្នកប្រើប្រាស់សមិទ្ធផលទាំងនេះ ត្រូវថែរក្សាសមិទ្ធផលនេះ ឱ្យបានល្អ ធានាបានការប្រើប្រាស់បានយូរអង្វែង ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត ក៏បានអញ្ជើញចូលរួមដំណើរជាមួយ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរគណៈកម្មាធិការវិនិយោគកម្ពុជា បន្តចុះពិនិត្យទីតាំង ស្នើសុំវិនិយោគបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន DE YONG INVESTMENT CO.,LTD ស្ថិតនៅភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំផងដែរ ៕