You are currently viewing ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរៀបវារៈ សំខាន់ៗចំនួន ០៣

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរៀបវារៈ សំខាន់ៗចំនួន ០៣

(ខេត្តត្បូងឃ្មុំ): ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ដោយបានធ្វើឡើង នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥។

នៅក្នុងកិច្ចប្រជុំ សាមញ្ញលើកទី១៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាពេលនេះ មានការពិនិត្យ ពិភាក្សា និងអនុម័តលើរៀបវារៈ ០៣សំខាន់ៗ រួមមាន៖
១- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
២- ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែកក្កដា ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាខេត្ត។


៣- បញ្ហាផ្សេងៗ
> ស្ដាប់របាយការណ៍ របស់គណៈកម្មាធិការនានា នៃក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះដែរ អង្គប្រជុំទាំងមូល ក៏បានធ្វើការពិនិត្យ និង ពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ សមាជិកនៃអង្គប្រជុំក៏បានលើកនូវសមិទ្ធិផលនានា របស់រដ្ឋបាលខេត្ត ព្រមទាំងបញ្ហាមួយចំនួនផងដែរ។

បន្ទាប់ពីលោក សេង ជ័យវុធ នាយករដ្ឋបាល សាលាខេត្ត បានអានរបាយការណ៍ជូនដល់កិច្ចប្រជុំជ្រាបរួចមក ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ទីរ អង្គភាព និងអង្គភាពចំណុះសាលាខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាន តាមក្រុង/ស្រុក និងបានក្រើនរំលឹកដល់អាជ្ញាធរក្រុង/ស្រុក ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព នូវការងារទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសផ្សេងៗ ដែលជាបំណងប្រាថ្នាចាំបាច់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយអនុវត្តបានស្របទៅតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជាយើង។

 

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងការកោតសរសើរ និងដល់ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព មន្ត្រីរាជនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើរនាពេលកន្លងមក និងសូមបន្តសកម្មភាពការងារល្អៗទាំងនេះ ធ្វើឲ្យខេត្តត្បូងឃ្មុំយើង មានការអភិវឌ្ឍរីកចម្រើន និងសម្រេចទទួលបានសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត ។

ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងផងដែរថា រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំគម្រោងកសាងស្លាកប៉ាណូដ៏ស្រស់ស្អាត < ខ្ញុំស្រលាញ់ត្បូងឃ្មុំ > និងមានជាភ្លើងលម្អ ជាលក្ខណៈ ផ្ការាំទឹករាំ អមដោយពន្លឺភ្លើងចម្រុះពណ៌ នៅសួនច្បារមាត់ទន្លេសិប្បនិមិ្មតទីរួមខេត្តត្បូងឃ្មុំ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍ មកលេងកម្សាន្តសប្បាយ ។

ជាចុងក្រោយ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា តាមរយៈកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងនូវមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម-លោកជំទាវ សមាជិក-សមាជិកា លោក-លោកស្រី ជាថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ បានបង្ហាញឱ្យឃើញថា ដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលល្អតាមការគ្រោងទុក៕