(ត្បូងឃ្មុំ): ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រារព្ធខួបលើកទី ២៦ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ ២០២៥ នៅរសៀលថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ នៅអគារតេជោបូព៌ា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ ដែលរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ សហកាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកមេបញ្ជាការកងកម្លាំងទាំង ៣ ប្រភេទ លោកប្រធានពន្ធនាគារខេត្ត លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស យុវជន កាយរឹទ្ធ សហភាពសារព័ន្ធយុវជនកម្ពុជា កាកបាទក្រហម និងអ្នកចូលរួមជាច្រើនរូបទៀត ។
លោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានអានរបាយការណ៍សង្ខេប ជូនអង្គពិធីជ្រាប និងបានលើកឡើងពីប្រវត្តិសាវតា នៃទិវាអន្តរជាតិសម្រាប់យុវជននេះ ផ្ដើមដំបូងតាមរយៈក្រុមយុវជនបានជួបជុំគ្នាស្នើឡើង នៅទីក្រុង វីយ៉េន (Vienne) ប្រទេសអូស្ត្រាលី នៅឆ្ឆ្នាំ១៩៩១ ក្នុងសម័យប្រជុំលើកដំបូង ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ នឹងត្រូវបានប្រកាសទទួលស្គាល់ ថ្ងៃទី១២ ខែសីហា ជាទិវាអន្តរជាតិសម្រាប់យុវជន ក្នុងឆ្នាំ១៩៩៨ នៅទីក្រុងលីបោន(Lisbonne) ប្រទេសព័រទុយហ្គាល់ តែរហូតដល់ដើមសហសវត្សរ៍ ឆ្នាំ២០០០ ទើបពិភពលោករៀបចំជាទិវាជាតិសម្រាប់យុវជនលើកទី ១ នេះឡើង ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា
ថ្ងៃទី ១២ សីហា ជាថ្ងៃទិវាអន្តរជាតិសម្រាប់យុវជន សម្រាប់ឆ្នាំ២០២៥ ទិវានេះ ត្រូវបានរៀបចំឡើង ក្រោមប្រធានបទ “សកម្មភាពរបស់យុវជនមូលដ្ឋាន សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” (Local Youth Action for the SDGs and Beyond)។ ប្រធានបទនេះ គឺបានបញ្ជាក់ពីតួនាទីគន្លឹះរបស់យុវជន ក្នុងការប្រែក្លាយចក្ខុវិស័យសាកល ទៅជាសកម្មភាពជាក់ស្ដែងនៅតាមសហគមន៍។ យុវជននាំមកនៅការច្នៃប្រឌិត ចំណេះដឹង និងទំនាក់ទំនងជិតស្និទ្ធ ជាមួយសហគមន៍ ដែលផ្សារភ្ជាប់គោលនយោបាយ និងការអនុវត្តជាក់ស្ដែង ។
ជាក់ស្ដែងក្នុងស្ថានភាពវឹកវរ ដោយសារការឈ្លានពានរបស់ប្រទេសថៃ មកលើកម្ពុជា យុវជនរបស់យើង នៅតែអាចគ្រប់គ្រងស្ថានភាពខ្លួនឯង និងមានភាពរឹងមាំ ដោយធ្វើការសិក្សា ស្រាវជ្រាវ រៀនសូត្រ ហ្វឹកហាត់នៅគ្រប់ទីកន្លែង ត្រៀមចូលរួមបង្ហាញពីស្មារតីស្នេហាជាតិ និងបានចូលរួមចលនាក្នុងសង្គមយ៉ាងផុសផុល ទាំងការកៀរគរសម្ភារៈ ធនធាន ដើម្បីលើកទឹកចិត្តដល់វីរកងទ័ព។ ក្នុងអំឡុងពេលសង្គ្រាមឈ្លានពាន ស្មារតីយុវជនយើង បានចូលរួមយ៉ាងសកម្ម ទៅតាមជំនាញរៀងៗខ្លួន ដើម្បីប្រយុទ្ធក្នុងសមរភូមិបច្ចេកវិទ្យា តាមរយៈបណ្ដាញសង្គមផ្សេងៗ គាំទ្រដល់ការខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងបង្ហាញពីការពិតដល់ពិភពលោក។ តាមរយៈការចូលរួមសកម្មភាពជាមូលដ្ឋានរបស់យុវជន កម្ពុជាយើងអាចជំរុញនវានុវត្តន៍ និងការសហការបន្ថែមទៀត ឆ្ពោះទៅរកការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព “យុវជនស្នេហាជាតិ ត្រូវមានជំនាញ និងសមត្ថភាពពិតប្រាកដ ដើម្បីបម្រើប្រទេសជាតិមានប្រសិទ្ធភាព” ។
ឯកឧត្តម ប៉ែន កុសល្យ ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចខិតខំប្រឹងប្រែង រៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ ជូនដល់យុវជនយើង ក៏ដូចជាមន្ត្រីរាជការ ក្នុងការប្រមូលផ្ដុំគ្នា ដែលជាការបង្ហាញយ៉ាងសំខាន់ តំណាងឲ្យប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ ក្នុងការលើកទឹកចិត្តវីរកងទ័ព ការជឿទុកចិត្តចំពោះការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការស្វែងរកសន្តិភាពជូនជាតិមាតុភូមិ ។
ជាចុងក្រោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក៏បានប្រគល់បណ្ណសរសើរ ក្នុងកម្មវិធីជជែកដេញដោលថ្នាក់ជាតិ ជូនដល់គ្រូដឹកនាំ គ្រូបង្វឹក និងយុវជននៃវិទ្យាល័យ សម្តេចហេង សំរិន អន្លង់ជ្រៃ និងបាច់ផ្កាអនុស្សាវរីយ៍ ជូនក្រុមយុវជនសម្តែងអមជាមួយបទចម្រៀងមោទនភាពជាតិខ្មែរ -បទឱទង់ជាតិខ្មែរ និងបទយើងខ្មែរតែមួយ ជូនអង្គពិធីទស្សនា និងការបង្ហោះប៉ោងៗរួមគ្នា ជាមហាគ្រួសារខ្មែរ ជានិមិត្តរូបអបអរសាទរ ការថតរូបអនុស្សាវរីយ៍ ៕
