You are currently viewing កិច្ចប្រជុំពិភាក្សាការងារពង្រឹងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រវាងរដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រសួងរ៉ែ និងថាមពល

កិច្ចប្រជុំពិភាក្សាការងារពង្រឹងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រវាងរដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រសួងរ៉ែ និងថាមពល

(ត្បូងឃ្មុំ): ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយប្រតិភូ ក្រសួងរ៉ែ និងថាមពល ដឹកនាំដោយ ឯកឧត្តម ហូ វិចិត្រ រដ្ឋលេខាធិការក្រសួង និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារ ដើម្បីពិភាក្សាការងារ ពង្រឹងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រវាងរដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រសួងរ៉ែ និងថាមពល នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។

 

ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ បានសម្តែងការស្វាគមន៍ ចំពោះ ឯកឧត្តម ហូ វិចិត្រ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងក្រុមការងារ ដោយមានកិច្ចសម្របសម្រួលពីមន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារនេះឡើង ក្នុងគោលបំណង ដើម្បីត្រួតពិនិត្យ និងវាយតម្លៃនូវប្រសិទ្ធភាពការងារ និងបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការអនុវត្តមុខងារប្រតិភូកម្ម ស្តីពីការអនុវត្តមុខងារផ្តល់សេវារដ្ឋបាល របស់វិស័យរ៉ែ និងប្រេងកាត ជូនដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក និងភាគីពាក់ព័ន្ធ។

ឯកឧត្តមអភិបាលរងខេត្ត បន្តថាការងារប្រតិភូកម្ម គឺជាការងារមួយមានលក្ខណៈប្រទាក់ក្រឡាគ្នា រវាង រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលការធ្វើកំណែទម្រង់នេះ មានគោលបំណងជំរុញការផ្តល់សេវា ឲ្យកាន់តែកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន ទាមទារឲ្យអង្គភាពនីមួយៗ ចាំបាច់ត្រូវតែមានធនធានមនុស្ស(មន្ត្រីជំនាញ) ធនធានហិរញ្ញវត្ថុ(ថវិកា) ពេលវេលា នីតិវិធី និងយន្តការការងារច្បាស់លាស់ ដើម្បីការអនុវត្តមុខងារផ្ដល់សេវាទទួលបានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមទៅនឹងលទ្ធផល ដែលសម្រេចបាន សម្រាប់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក ក៏មាននៅបញ្ហាប្រឈមមួយចំនួន ត្រូវលើកមកប្រជុំពិភាក្សា ដើម្បីរៀបចំផែនការ នីតិវិធី និងយន្តការនានា ក្នុងគោលដៅសម្រេចកិច្ចការឲ្យទទួលបានលទ្ធផលល្អប្រសើរ។

 

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ធនធានរ៉ែ គឺជាធនធានធម្មជាតិ មិនកកើតឡើងវិញទេ តម្រូវឲ្យមានការគ្រប់គ្រងប្រកបដោយការប្រុងប្រយ័ត្នខ្ពស់បំផុត។ គោលនយោបាយជាតិស្ដីពីធនធានរ៉ែ ត្រូវបានដាក់ចេញដោយផ្អែកលើការគិតគូរយ៉ាងម៉ត់ចត់ អំពីបច្ចុប្បន្នភាព សេដ្ឋកិច្ច នយោបាយ និងសង្គម ដែលទាមទាឲ្យមានការចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងកិច្ចដំណើរការជាចាំបាច់ ឱ្យបានគ្រប់ជ្រុងជ្រោយ មានភាពធន់ និងមានប្រសិទ្ធភាព ៕