You are currently viewing ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញចូលរួមជាមួយសមាគមឧកញ៉ាកម្ពុជា នាំយកសារលិខិតរំលែកទុក្ខ និងថវិកា ចំនួន ១ ម៉ឺនដុល្លារ របស់សមាគម ឧបត្ថម្ភដល់ក្រុមគ្រួសារសពវីរៈកងទ័ពពលី ២ រូប ក្នុងស្រុកក្រូចឆ្មារ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញចូលរួមជាមួយសមាគមឧកញ៉ាកម្ពុជា នាំយកសារលិខិតរំលែកទុក្ខ និងថវិកា ចំនួន ១ ម៉ឺនដុល្លារ របស់សមាគម ឧបត្ថម្ភដល់ក្រុមគ្រួសារសពវីរៈកងទ័ពពលី ២ រូប ក្នុងស្រុកក្រូចឆ្មារ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ): គ្រួសារសពវីរៈកងទ័ព ចំនួន ២ គ្រួសារ ក្នុងខេត្តត្បូងឃ្មុំ ដែលបានពលីនៅសមរភូមិជួរមុខ ក្នុងការវាយទប់ទល់ប្រឆាំង ការឈ្លានពានទឹកដីរបស់ថៃ មកលើកម្ពុជា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ត្រូវបានសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន តំណាងដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នាំយកសារលិខិតរំលែកទុក្ខ និងថវិកា ចំនួន ១ ម៉ឺនដុល្លារ ឧបត្ថម្ភដល់គេហដ្ឋានសព ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងប្រតិភូជាថ្នាក់ដឹកនាំខេត្ត និងរដ្ឋបាលស្រុក នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ។

គេហដ្ឋានសពវីរៈកងទ័ពទី១ សពលោកព្រិន្ធបាលទោ ឆៃ រ័ត្ន អាយុ ៤៧ឆ្នាំ បម្រើការងារជាយុទ្ធជនក្រុម១ នៃវរសេនាតូចអន្តរាគមន៍លេខ ៣៩៤ ចំណុះឱ្យកងពលតូចអន្តរាគមន៍លេខ៩ នៃកងពលធំអន្តរាគមន៍លេខ ៣ នៅកងពលតូចថ្មើជើងលេខ២១ ចំណុះយោធភូមិភាគ២ ដែលបានពលីជីវិត ក្នុងការវាយទប់ទល់ប្រឆាំង ការឈ្លានពានទឹកដីរបស់ថៃ មកលើកម្ពុជា នៅតំបន់មុំបី កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ ដោយមានភរិយាឈ្មោះ ចាន់ បុរី អាយុ ៣២ឆ្នាំ ប្រកបរបរជាមេផ្ទះ មានកូនប្រុស-ស្រី ចំនួន ៣នាក់ (ស្រី ១នាក់) នៅក្នុងបន្ទុកគ្រួសារ មានទីលំនៅរស់នៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

និងគេហដ្ឋានសពវិរៈកងទ័ពទី ២ សពលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា អាយុ ៥៥ឆ្នាំ បម្រើការងារនៅកងពលតូចថ្មើជើងលេខ២១ ចំណុះយោធភូមិភាគ២ ដែលបានពលីជីវិត ក្នុងការវាយទប់ទល់ប្រឆាំង ការឈ្លានពានទឹកដីរបស់ថៃ មកលើកម្ពុជា នៅតំបន់សមរភូមិតំបន់ប្រាសាទតាក្របី កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ ដោយមានភរិយាឈ្មោះ ប៉ិច គន្ធា អាយុ ៣៨ឆ្នាំ ប្រកបរបរជាមេផ្ទះ មានកូនរស់នៅក្នុងបន្ទុក ចំនួន ៨នាក់ (ស្រី ៥នាក់) មានទីលំនៅរស់នៅភូមិបុរីតេជោសែនកើត(ប្លាកសំរោង) ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានពាំនាំនូវការចូលរួមរំលែកទុក្ខពីសំណាក់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ក៏ដូចជាសារលិខិតរំលែកមរណទុក្ខ ពីសមាគម ជូនក្រុមគ្រួសារ នៃសពចំពោះមរណភាពរបស់វីរកងទ័ពទាំង ពីរ រូប ដែលជាកុលបុត្រខ្មែរប្រកបដោយវីរភាព អង់អាចក្លាហាន ហ៊ានធ្វើពលិកម្ម ដ៏មោះមុតក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដី នៃមាតុភូមិកម្ពុជា។

អ្នកឧកញ៉ាបណ្ឌិត បានសម្ដែងនូវការសោកស្ដាយ ជាពន់ពេក និងសូមចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារនៃសព ដោយក្តីសង្វែកជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកព្រិន្ទបាលទោ ឆៃ រ័ត្ន និងលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា សូមបានសោយសុខឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ គំរូវីរភាពដ៏អង់អាចរបស់លោកទំាំង ពីរ នឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូបគ្មានថ្ងៃបំភ្លេចបាន។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលបាននាំមកនូវសារលិខិតរំលែកមរណទុក្ខ និងថវិកា ១ ម៉ឺនដុល្លារ ពីសមាគម ឧបត្ថម្ភជូនដល់ក្រុមគ្រួសារ នៃសព ដោយផ្ទាល់ ចំពោះមរណភាពរបស់វីរៈកងទ័ពទាំង ពីរ រូប នៅក្នុងខេត្តត្បូងឃ្មុំ។ ឯកឧត្តមអភិបាលខេត្ត ក៏សូមជូនពរដល់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា សមាជិក-សមាជិកា នៃសមាគមឧកញ៉ាកម្ពុជា សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងសង្ឃឹមជឿជាក់ថា សមាគម នឹងបន្តចូលរួមឧបត្ថម្ភគាំទ្រដល់ខេត្តត្បូងឃ្មុំ លើកិច្ចការសង្គម ការងារមនុស្សធម៌ និងកិច្ចអភិវឌ្ឍខេត្ត ផងដែរ៕