You are currently viewing ពិធីបើកសង្ក្រាន្តក្រុងសួង ទទួលបានជោគជ័យក្រោមស្មារតីថែរក្សាវប្បធម៌ប្រពៃណីខ្មែរ

ពិធីបើកសង្ក្រាន្តក្រុងសួង ទទួលបានជោគជ័យក្រោមស្មារតីថែរក្សាវប្បធម៌ប្រពៃណីខ្មែរ

( ត្បូងឃ្មុំ ): ពិធីសង្កា្រន្តឆ្នាំថ្មីក្រុងសួង បានបើកជាផ្លូវការក្រោមវត្តមានឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត ដែលប្រព្រឹត្តទៅនៅទីតាំងមុខសាលាក្រុងសួង កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ ។


ពិធីបើកសង្ក្រាន្តនេះ ប្រជាពលរដ្ឋក្នុងក្រុងសួង និងខេត្តត្បូងឃ្មុំទាំងមូល ជាពិសេសយុវវ័យ បាននាំគ្នាចូលរួមយ៉ាងកកកុញនៅជុំវិញបរិវេននៃទីតាំងពិធី ដែលនេះគឺជាជោគជ័យមួយពុំធ្លាប់មានពីមុនមក ដែលក្រុងសួងបានរៀបចំព្រឹត្តការណ៍សង្ក្រាន្តធំបែបនេះ ។


មុនចូលដល់វេទិការប្រារព្ធពិធី គណៈអធិបតីទាំងអស់ បានអញ្ជើញចូលទស្សនាស្តង់ពិព័រផលិតផលខ្មែរ ដែលធ្វើឡើងដោយស្នាដៃខ្មែរ ជាពិសេសគឺបានភ្លក់រស់ជាតិនៃម្ហូប អាហារខ្មែរ ដែលសុទ្ធសឹងតែជាផលិតផលផលិតដោយប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំផងដែរ ។


បន្ទាប់ពីការចូលទស្សនាតាមស្តង់នីមួយៗ គណៈអធិបតី ក៏បានអញ្ជើញបន្តដំណើរចូលរួមលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ដែលនេះគឺមិនត្រឹមបង្កើនភាពស្នឹតស្នាលជាមួយប្រជាពលរដ្ឋប៉ុណ្ណោះទេ តែជាស្មារតីថែរក្សាវប្បធម៌ប្រពៃណីខ្មែរយើងកុំឱ្យបាត់បង់ ។


គួបញ្ជាក់ដែរថា ព្រឹត្តការណ៍នៃការបើកសង្ក្រាន្តក្រុងសួងថ្ងៃទី ១ ទទួលបានជោគជ័យក្រោមស្មារតីថែរក្សាវប្បធម៌ប្រពៃណីខ្មែរ ដោយសង្ក្រាន្តក្រុងសួង នឹងប្រព្រឹត្តទៅមានរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៦ ក្នុងនោះមានរៀបចំនៅការតាំងពិព័រផលិតផលភូមិមួយផលិតផលមួយ និងការរៀបចំពិធីកម្សាន្តសប្បាយតាមបែបប្រពៃណីខ្មែរជាច្រើនដូចជា៖ ល្បែងប្រជាប្រិយខ្មែរ, ការសម្តែងនូវសិល្បៈរាំបែបបូរាណ, ការហូបនំបញ្ចុកជុំគ្នាចំនួន១តោន២៥គីឡូក្រាម ដោយឥតគិតថ្លៃ, ការប្រកួតប្រដាល់គុណខ្មែរ,និងផ្ទាំងទស្សនីយភាពកម្សាន្តសប្បាយដទៃទៀត ដែលធ្វើឱ្យអ្នកចូលរួមទស្សនាកម្សាន្តក្នុងសង្ក្រាន្តក្រុងសួងមិនខកបំណងឡើយ ៕