You are currently viewing ឯកឧត្តម ប៉ែន កុសល្យ ដឹកនាំប្រតិភូខេត្ត និងតំណាងសប្បុរសជនទូទាំងខេត្តត្បូងឃ្មុំ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ ព្រមទាំងថវិកា ជូនដល់បងប្អូនភៀសសឹក នៅខេត្តព្រះវិហារ

ឯកឧត្តម ប៉ែន កុសល្យ ដឹកនាំប្រតិភូខេត្ត និងតំណាងសប្បុរសជនទូទាំងខេត្តត្បូងឃ្មុំ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ ព្រមទាំងថវិកា ជូនដល់បងប្អូនភៀសសឹក នៅខេត្តព្រះវិហារ

(ត្បូងឃ្មុំ): ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នេះ បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ នាំយកស្បៀង និងសម្ភារៈ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ រួមនឹងសប្បុរសជនទូទាំងខេត្ត ជូនដល់បងប្អូនភៀសសឹក នៅខេត្តព្រះវិហារ ដែលស្ថិតនៅវត្តពោធិ៍ ៥,០០០ដើម ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។

គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ ជាច្រើនមុខ ដែលនាំយកមកប្រគល់ជូននាថ្ងៃនេះ ផ្តល់ជូនតាមរយៈ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ សម្រាប់ចែកជូនបន្តដល់ប្រជាពលរដ្ឋ ដែលបានជម្លៀសចេញពីផ្ទះសម្បែងក្បែរតំបន់ប្រយុទ្ធ មករស់នៅកន្លែងសុវត្ថិភាព។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានសម្តែងនូវសមាណចិត្តអាណិតអាសូរ ជាពន់ពេក ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងទុក្ខវេទនា ដោយសារសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា ដែលបានបង្កឲ្យមានមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្មជាច្រើន ។

ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញឆ្ងាយពីផ្ទះសម្បែង ស្រែចំការ និងទ្រព្យសម្បត្តិផ្សេងៗ ព្រមទាំងប្រឈមនឹងការលំបាកជាច្រើនផ្សេងទៀត រត់ភៀសខ្លួន គេចចេញពីតំបន់សមរភូមិប្រយុទ្ធ មករស់នៅលើតំបន់សុវត្ថិភាព។ ដែលនេះ គឺបានបង្ហាញឲ្យយើងទាំងអស់គ្នា យល់ឃើញច្បាស់ ពីគុណតម្លៃនៃសុខសន្តិភាព ព្រោះថា សន្តិភាព គឺពិតជាមានតម្លៃណាស់ ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមថែរក្សា និងការពារឱ្យខាងតែបាន។

ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ពុកម៉ែបងប្អូនទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងរក្សាខ្លួននៅទីតាំងសុវត្ថិភាព រហូតដល់ស្ថានការណ៍ព្រំដែនមានសុខសុវត្ថិភាព និងស្ថិរភាពឡើងវិញ។ បន្ថែមលើនេះ បើទោះជាបទឈប់បាញ់ បានចូលជាធរមាន យ៉ាងណាក្តី ក៏រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ដនានា នៅទូទាំងប្រទេស នៅតែបន្តមើលថែពុកម៉ែបងប្អូនភៀសខ្លួនទាំងអស់ រហូតដល់ពេលមានស្ថិរភាពនៅតំបន់ព្រំដែន ដែលអាចឱ្យពុកម៉ែបងប្អូនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ គឺខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ យើងជាខ្មែរជាតិសាសន៍តែមួយ។

ឯកឧត្តម ប៉ែន កុសល្យ ក៏បានសំណូមពរដល់បងប្អូនភៀសសឹកកំពុងរស់នៅទីនេះ សូមថែរក្សាសុខភាពជាចម្បង ដោយរស់នៅស្អាត ហូបស្អាត និងមានអនាម័យ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅតូចៗ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តបងប្អូន ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមហ៊ុន ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តត្បូងឃ្មុំ និងសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចែករំលែកធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលខេត្តត្បូងឃ្មុំ មកឧបត្ថម្ភដល់ក្រុមគ្រួសារប្រជាពលរដ្ឋ ដែលកំពុងជម្លៀសចេញពីផ្ទះសម្បែងមករកទីកន្លែងសុវត្ថិភាពផងដែរ។

សូមបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តត្បូងឃ្មុំ រួមនឹងសប្បុរសជនទូទាំងខេត្ត បាននាំយកមកប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកនាពេលនេះ រួមមាន ៖ អង្ករ ទឹកបរិសុទ្ធ សម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើនមុខ និងថវិកាមួយចំនួនផងដែរ៕