(ត្បូងឃ្មុំ): ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ វាយបកប្រឆាំងទប់ទល់នឹងកងកម្លាំងថៃឈ្លានពានដែលឈរជើងនៅចំណុចតំបន់ប្រាសាទតាក្របី ។

បើកតាមការបញ្ជាក់របស់គ្រួសារសព នៅវេលាម៉ោង ១២ថ្ងៃត្រង់ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ សពត្រូវបានបញ្ជូនតាមរថយន្តពេទ្យមកដល់គេហដ្ឋាន នៅវេលាម៉ោង ៤ : ៤៥ នាទី ព្រឹក ស្ថិតនៅភូមិបុរីតេជោសែនកើត ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

សូមបញ្ជាក់ជូនថា សពវីរកងទ័ព អនុសេនីយ៍ឯក អ៊ុន វណ្ណា អាយុ ៥៥ឆ្នាំ បម្រើការងារនៅកងពលតូចថ្មើជើងលេខ២១ ចំណុះយោធភូមិភាគ២ មានភរិយាឈ្មោះ ប៉ិច គន្ធា អាយុ ៣៨ឆ្នាំ ប្រកបរបរជាមេផ្ទះ មានកូនចំនួន ៨នាក់( ស្រី ៥នាក់) ។

នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានចាត់ទុកថា ការបាត់បង់ អនុសេនីយ៍ឯក អ៊ុត វណ្ណា គឺជាការបាត់បង់នូវស្វាមី និងឪពុកជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយុទ្ធជនស្នេហាជាតិដ៏បរិសុទ្ធ អង់អាចក្លាហាន ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសលោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ។

ក្នុងការចូលរួមសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម ក៏បានចូលរួមរំលែកទុក្ខជាមួយ លោកស្រី ប៉ិច គន្ធា ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួង ដល់តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ យុទ្ធជន អនុសេនីយ៍ឯក អ៊ុត វណ្ណា បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
សូមបញ្ជាក់ដែរថា: ក្នុងប្រតិបត្តិការណ៍នៃការច្បាំងក្នុងសមរភូមិតំបន់ប្រាសាទតាក្របីនេះកងទ័ពកម្ពុជាយើង បានតស៊ូធ្វើការតទល់ជាមួយពួកចោរសៀម រហូតយើងអាចគ្រប់គ្រងតំបន់នេះបានទាំងស្រុង កាលពីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ប៉ុន្តែក្នុងនោះលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា បានពលី នឹង ៥នាក់ទៀត រងរបួសបញ្ជូនទៅមន្ទីរពេទ្យ ៕
