
(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យការដ្ឋានជួសជុលផ្លូវ នៃគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ក្នុងក្រុងកំពង់ចាម នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ ។
សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឲ្យដឹងថា ការដ្ឋានស្ថាបនា និងជួសជុលផ្លូវ នៃគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ក្នុងក្រុងកំពង់ចាម ចែកចេញជាបី ប្រភេទ រួមមាន:
ផ្លូវអ៊ុតកៅស៊ូAC 48,269 ម៉ែត្រ
ផ្លូវបេតុងRC12,224 ម៉ែត្រ
ផ្លូក្រាលកៅស៊ូ DBST 25,953 ម៉ែត្រ សរុប 86,446 ម៉ែត្រ ហើយលោករំពឹងថា ការដ្ឋានជួសជុលផ្លូវខាងលើនឹងបញ្ចប់នៅអំឡុងចុងឆ្នាំ ២០២៥ នេះ ។
ដោយឡែក គម្រោងការដ្ឋានសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ក្នុងក្រុងកំពង់ចាម គិតមកដល់ពេលនេះ សម្រេចបានលទ្ធផលប្រមាណ ៧៩% ហើយ ដោយរំពឹងថានឹងរួចរាល់ ១០០% នៅចុងខែធ្នូ ឆ្នាំ ២០២៥ ខាងមុខ ។
ក្នុងដំណើរការអញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានខាងលើ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ត្រីបច្ចេកទេស អជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បន្តចុះតាមដានការដ្ឋានឲ្យបានជាប់ជាប្រចាំ សំដៅធ្វើយ៉ាងឲ្យការដ្ឋានមួយនេះ អនុវត្តទៅតាមស្តង់ដារបច្ចេកទេស ទើបផ្លូវប្រើប្រាស់បានគង់វង្សយូរអង្វែង ៕




