You are currently viewing សមិទ្ធិផលនៃការកសាង ការកែលម្អរ ការជួសជុលផ្លូវ ក្នុងខេត្តត្បូងឃ្មុំ ឆ្នាំ២០២៥នេះ សម្រេចបានប្រមាណ ៩០%

សមិទ្ធិផលនៃការកសាង ការកែលម្អរ ការជួសជុលផ្លូវ ក្នុងខេត្តត្បូងឃ្មុំ ឆ្នាំ២០២៥នេះ សម្រេចបានប្រមាណ ៩០%

( ត្បូងឃ្មុំ ): លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការក្រសួង លោក ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅ ការងារឆ្នាំ ២០២៦ របស់មន្ទីរអភិវឌ្ឈន៏ជនបទខេត្ត នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ ។


លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា សមិទ្ធិផលនៃការកសាង ការកែលម្អរ ការជួសជុលផ្លូវ ក្នុងខេត្តត្បូងឃ្មុំ ឆ្នាំ ២០២៥ នេះ សម្រេចបានប្រមាណជា ៩០% ក្នុងនោះបានធ្វើការសាងសង់ផ្លូវកៅស៊ូ ១៩ ខ្សែ ប្រវែងសរុប ១៤៩ គ.ម ក្នុងស្រុកតំបែរ ក្រូចឆ្មារ មេមត់ ពញាក្រែក សួង ត្បូងឃ្មុំ និងស្រុកអូររាំងឪ ( គម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) គម្រោងពង្រឹង សមត្ថិភាពផលិតភាពជនបទ AIIB គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ WB គម្រោងស្ដារឡើងវិញ ) សម្រេចបាន ៩៧% ធ្វើការជួសជុលថែទាំផ្លូវខួបកាលល្បាយក្រួស ១ ខ្សែ ប្រវែង ១២ គ.ម ក្នុងស្រុកមេមត់ សម្រេចបាន ៩០% និងជួសជុលថែទាំប្រចាំផ្លូវកៅស៊ូ ២ ជាន់ DBST ចំនួន ៩ ខ្សែ ប្រវែង ៩២ គ.ម ក្នុងស្រុកពញាក្រែក អូររាំងឪ ក្រុងសួង សម្រេចបាន ៩៥% ។


លោកបន្តថា ចំពោះឆ្នាំ ២០២៦ ខាងមុខនេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងបន្តធ្វើការជួសជុលខ្សែផ្លូវដែលមាននៅក្នុងផែនការអនុវត្ត ព្រមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធតាមជនបទ ដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបាននៅចក្ខុវិស័យរបស់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទផងដែរ ។


លោក ម៉ៅ ឌុង អភិបាលរងខេត្ត បានមានប្រសាសន៍ថា ខេត្តត្បូងឃ្មុំ ក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០២៥នេះ គ្រប់បណ្តាស្ថាប័ន អង្គភាពចំណុះរដ្ឋបាលខេត្តត្បូងឃ្មុំ បានធ្វើការសហការ និងអនុវត្តកិច្ចការងារប្រកបដោយប្រសិទ្ធភាព ក្នុងនោះការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ទាំងផ្លូវក្រាលកៅស៊ូ និងផ្លូវជនបទ ការសាងសង់បន្គន់អនាម័យ អណ្តូងស្នប់ ការស្តារឡើងវិញនៅប្រឡាយ លូមួយចំនួនទៀត ដើម្បីធ្វើយ៉ាងណាតបតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល ។


លោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការឱ្យអង្គពិធីទាំងមូលមានការលើកឡើង នៅសំណូមពរ និងបញ្ហាប្រឈមផ្សេងៗ ដើម្បីធ្វើការដោះស្រាយរួមគ្នា ។


លោកជំទាវបន្តថា កន្លងមកក្រសួងអភិវឌ្ឍន៍ជនបទ តែងតែដាក់ចេញនៅផែនការក្នុងការកសាង ការកែលម្អរ ជួសជុសហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងខេត្តនានា ដើម្បីធ្វើយ៉ាងណាស្តារជីវភាពរស់នៅ ការធ្វើដំណើរទៅមករបស់បងប្អូនពលរដ្ឋមានភាពងាយស្រួល និងល្អប្រសើរឡើង ហើយជានិច្ចកាលក្រសួងក៏តែងតែធ្វើការចុះត្រួតពិនិត្យ នៅរាល់ការអនុវត្តគម្រោងសាងសង់ កែលម្អរ ជួសជុលផ្លូវ ជាពិសេសផ្លូវថែទាំជាប្រចាំ ផ្លូវជនបទផ្សេងៗ ដើម្បីខិតឱ្យជិតជាមួយពលរដ្ឋនិងតាមដានរាល់ការអនុវត្តរបស់មន្ទីរអង្គភាពជំនាញផងដែរ ។


លោកជំទាវសំណូមពរឱ្យបន្តកិច្ចការងារនេះបន្តទៀត ដើម្បីសម្រេចនៅចក្ខុវិស័យ រដ្ឋាភិបាល និងស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងមុំទី២ផងដែរ ។


នាឱកាសបូកសរុបលទ្ធផលកិច្ចប្រជុំ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការថ្លែងអំណរគុណ ដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ដែលបានបំពេញកិច្ចការងារបានល្អប្រសើរ ជាពិសេសការថែទាំ កែលម្អរ កសាងផ្លូវថ្នល់ក្នុងខេត្តត្បូងឃ្មុំ ។


លោកជំទាវ ធ្វើការលើកទឹកចិត្តឱ្យមានការបន្តអនុវត្តកិច្ចការងារនេះបន្ថែមទៀត និងធ្វើការពង្រឹងសាមគ្គីភាពផ្ទៃក្នុង សំដៅធ្វើយ៉ាងណាឆ្ពោះទៅមុខទាំងអស់គ្នាដើម្បីខេត្តត្បូងឃ្មុំទាំងមូល ៕