You are currently viewing ថ្នាក់ដឹកនាំក្រសួងកសិកម្ម ចុះជំរុញសង្វាក់ផលិតកម្ម និងបច្ចេកវិទ្យាកសិកម្មទំនើបក្នុងខេត្តត្បូងឃ្មុំ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករ

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ចុះជំរុញសង្វាក់ផលិតកម្ម និងបច្ចេកវិទ្យាកសិកម្មទំនើបក្នុងខេត្តត្បូងឃ្មុំ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករ

( ត្បូងឃ្មុំ ): គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបេសកកម្មអន្តរាគមន៍ និងជំរុញវឌ្ឍនភាពការងារបច្ចេកទេសក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ក្នុងគោលដៅប្រែក្លាយកសិកម្មបែបគ្រួសារ ទៅជាកសិកម្មបែបសហគ្រាសសេដ្ឋកិច្ចដ៏រឹងមាំ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៦ ។


បេសកកម្មនេះដឹកនាំដោយ ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ នាយកកម្មវិធី ASPIRE-AT, ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា ប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង CFAVC និងឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ ប្រធានគណៈកម្មាធិការតម្រង់ទិសកម្មវិធី ASPIRE-AT ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ រួមជាមួយលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត ។


គណៈប្រតិភូបានចុះពិនិត្យការអនុវត្តគម្រោងកសិកម្មឆ្លាតវៃ (Smart Farming) នៅឃុំឈូក ស្រុកក្រូចឆ្មារ ។


តាមរបាយការណ៍របស់លោក ហេង ពិសិដ្ឋ គម្រោង CFAVC ដែលគាំទ្រដោយធនាគារ ADB នៅក្នុងខេត្តត្បូងឃ្មុំការកៀរពង្រាបដីជូនកសិករចំនួន ៩៧៧ គ្រួសារ លើផ្ទៃដីសរុប ៥៥០,៥៧ ហិកតា ។


តាមរយៈបច្ចេកវិទ្យាឡាស៊ែរ (Laser Land Leveling) នេះបានបង្ហាញលទ្ធផលគួរឱ្យកត់សម្គាល់ ប្រជាកសិករទទួលបាន ទិន្នផលស្រូវ កើនឡើង ២៤% (ប្រមាណ ៥៣០ គីឡូក្រាម/ហិកតា), កាត់បន្ថយការប្រើប្រាស់ទឹកបាន ៣០% និងកាត់បន្ថយស្មៅចង្រៃបាន ៤០% និងបង្កើនភាពងាយស្រួលដល់គ្រឿងចក្រច្រូតកាត់ និងកាត់បន្ថយការបាត់បង់គ្រាប់ស្រូវ ។


ឯកឧត្តម មាស ពិសិដ្ឋ នាយកកម្មវិធី ASPIRE-AT បានសង្កត់ធ្ងន់ថា ការកៀរពង្រាបដីដោយមិនគិតថ្លៃពីរាជរដ្ឋាភិបាលនេះ គឺជាការធ្វើបង្ហាញពីប្រសិទ្ធភាពនៃបច្ចេកវិទ្យាថ្មី ។


ឯកឧត្តមបានជំរុញឱ្យបងប្អូនកសិករដែលទទួលបានផលពីគម្រោង ត្រូវបន្តអនុវត្តតាមបទដ្ឋានបច្ចេកទេស និងចូលរួមក្នុងយន្តការកិច្ចសន្យាផលិតកម្មកសិកម្ម (ទិញរួមគ្នា លក់រួមគ្នា) ដើម្បីធានាបាននូវបរិមាណ និងគុណភាពស្រូវសម្រាប់ឆ្លើយតបនឹងតម្រូវការទីផ្សារ ។


ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងក៏បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានគាំទ្រយ៉ាងសកម្មក្នុងសកម្មភាពកសិកម្ម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ។


ដោយឡែក ដើម្បីពង្រឹងផលិតកម្មមាន់ស្រែ និងសន្តិសុខហិរញ្ញវត្ថុ គណៈប្រតិភូ បានបន្តដំណើរ ចុះពិនិត្យ និងសំណេះសំណាលផ្ទាល់ ចំពោះការពង្រីកផលិតកម្មមាន់ស្រែ និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT ក្រុមការងារបានចុះពិនិត្យការចិញ្ចឹមមាន់ស្រែរបស់កសិករនាំមុខ និងការប្រើប្រាស់ឥណទានពីធនាគារ ARDB ដែលបានជួយឲ្យកសិករមានលទ្ធភាពពង្រីកផលិតកម្ម និងបង្កើនប្រាក់ចំណូលកាន់តែប្រសើរ ។


ឯកឧត្តមប្រតិភូក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ការចុះផ្ទាល់ដល់មូលដ្ឋាននេះ គឺដើម្បីធានាថា រាល់កម្មវិធី និងគម្រោង ដែលបានដាក់ចេញ ត្រូវបានអនុវត្តដោយចំគោលដៅ ជួយដោះស្រាយបញ្ហាប្រឈមរបស់កសិករបានទាន់ពេលវេលា និងប្រែក្លាយសហគមន៍កសិកម្មឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចដ៏រឹងមាំ ។


គណៈប្រតិភូ ក៏បានបន្ត ចុះពិនិត្យការប្រើប្រាស់ដោយផ្ទាល់នូវវឌ្ឍនភាពនៃកម្មវិធីឡជីវឧស្ម័ន របស់កសិករ នៅឃុំល្ងៀង ស្រុកត្បូងឃ្មុំ ដែលកំពុងផ្លាស់ប្តូរជីវភាពកសិករយ៉ាងខ្លាំងតាមរយៈការកាត់បន្ថយថ្លៃដើម និងការការពារបរិស្ថាន។ បច្ចេកវិទ្យានេះមិនត្រឹមតែជួយកាត់បន្ថយការចំណាយលើហ្គាស និងជីគីមី (ប្រមាណ ២លានរៀលក្នុងមួយឆ្នាំ) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សាអនាម័យបរិស្ថាន និងសុខភាពគ្រួសារផងដែរ ។ ក្រោមគម្រោង CFAVC កសិករចំណាយត្រឹមតែ ១៥០ដុល្លារ ប៉ុណ្ណោះ ខណៈដែលរដ្ឋជួយឧបត្ថម្ភបន្ថែមរហូតដល់ ១ ០៥០ដុល្លារ សម្រាប់ការសាងសង់ឡ និងរោងជីកំប៉ុស្តិ៍ ។


លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឱ្យដឹងថា បច្ចុប្បន្នសម្រេចបានការសាងសង់ចំនួន ១៦០ ឡ រួចរាល់ហើយ ជាពិសេស ក្នុងជំហានទី ២ គម្រោងបានត្រៀមដាក់ដេញថ្លៃសាងសង់ចំនួន ៤៥០ ឡ បន្ថែមទៀត ចាប់ពីខែកក្កដា ឆ្នាំ ២០២៦ ខាងមុខនេះ ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងរបស់កសិករ ។


ឯកឧត្តមគណៈប្រតិភូបានផ្តល់ប្រសាសន៍ដល់កសិករឱ្យបន្តអនុវត្តតាមបទដ្ឋានបច្ចេកទេស និងចេះថែរក្សាសមិទ្ធផលទាំងនេះឱ្យអស់លទ្ធភាព ។


ក្រសួងកសិកម្ម និងអាជ្ញាធរខេត្ត ប្តេជ្ញានឹងបន្តស្វែងរកដៃគូអភិវឌ្ឍន៍ដើម្បីពង្រីកកម្មវិធីកសិកម្មទំនើបៗទាំងនេះឱ្យកាន់តែរីកសាយភាយទូទាំងខេត្តត្បូងឃ្មុំ ដើម្បីប្រែក្លាយជីវភាពកសិករឱ្យកាន់តែធូរធារ និងមានចីរភាព ៕