You are currently viewing រដ្ឋបាលខេត្តត្បូងឃ្មុំបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រចាំឆមាសទី ១ ឆ្នាំ២០២៦

រដ្ឋបាលខេត្តត្បូងឃ្មុំបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រចាំឆមាសទី ១ ឆ្នាំ២០២៦

( ត្បូងឃ្មុំ ): ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ក្នុងឆមាសទី ១ ឆ្នាំ ២០២៦ នេះ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្តត្បូងឃ្មុំ មានភាពល្អប្រសើរ ប៉ុន្តែដោយឡែកក៏យើងមើលឃើញថា នៅមានការខ្វះចន្លោះខ្លះផងដែរ ក្នុងនោះបញ្ហាក្មេងទំនើងនៅតែបន្តបង្ករភាពវឹកវរក្នុងមូលដ្ឋាន ស្រុក ឃុំ សង្កាត់ ដូចនេះយើងត្រូវធ្វើយ៉ាងណា ចាត់វិធានការក្តៅចំពោះក្មេងទំនើងនេះ កុំឱ្យបន្តការភ័យខ្លាចដល់ប្រជាពលរដ្ឋទៀត ។


ឯកឧត្តម ប៉ែន កុសល្យ ថ្លែងបែបនេះ កាលពីព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ អញ្ជើញបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រចាំឆមាសទី ១ ឆ្នាំ ២០២៦ តំណាងឯកឧត្តម កុល វីរៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។


ឯកឧត្តមអភិបាលខេត្តបន្តថា ក្មេងទំនើងនេះ មូលហេតុដែលកើតមានគឺបណ្តាលមកពីកត្តាច្រើនយ៉ាងដូចជា កត្តាសង្គមរស់នៅ ការសេពគប់ខុស ខ្វះការអប់រំពីឪពុក ម្តាយ មិនបានរៀនសូត្រមានចំណេះដឹង និងការប្រើប្រាស់នៅសារធាតុញៀន កត្តាទាំងនេះ មិនត្រឹមតែបង្ករឱ្យមានក្មេងទំនើងក្នុងសង្គមទេ តែប៉ះពាល់ដល់ការអភិវឌ្ឍន៍ជាតិ យោងតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ការផ្តោតលើធនធានមនុស្សក្នុងការអភិវឌ្ឍន៍សង្គមគឺសំខាន់ ដូចនេះហើយបញ្ហានេះ ធ្វើឱ្យធនធានមនុស្សក្នុងការអភិវឌ្ឍន៍មានការធ្លាក់ចុះ ហើយដើម្បីឆ្លើយតបបញ្ហានេះគឺអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណា អប់រំណែនាំ ព្រមទាំងចាត់វិធានការឱ្យបានទាន់ពេលវេលា និងពុំមានការអន្តរាគមន៍ឡើយ ។


ឯកឧត្តមអភិបាលបានកញ្ជាក់ផងដែរថា ចំពោះបញ្ហាប្រឈមខាងលើនេះ គឺជាវិញ្ញាសារមួយដែលជាភារកិច្ចរបស់គណៈបញ្ជាការ ឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ គិតគូដោះស្រាយ ឱ្យបានទាន់ ពេលវេលា សំដៅពង្រឹងស្ថិរភាព សុវត្ថិភាពសង្គម ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ។


ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៏ថា ជាមួយគ្នានេះការដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ កម្លាំងសមត្ថកិច្ច ត្រូវតែធ្វើតេស្តរកសារធាតុញៀន និងជាតិអាកុល ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយករណីរកឃើញលទ្ធផលវិជ្ជមានសារធាតុញៀន និងជាតិអាកុល ត្រូវតែអនុវត្តវិធាន ច្បាប់ដោយគ្មានការលើកលែង ជាមួយគ្នានេះ សូមឱ្យពិនិត្យរៀបចំឱ្យមានប៉ុស្តិ៍ត្រួត ពិនិត្យការអនុវត្តច្បាប់ចរារណ៍ផ្លូវគោក ដោយគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវអប់រំ ណែនាំមន្ត្រីជំនាញ កងកម្លាំង ឱ្យអនុវត្តតួនាទីភារកិច្ច ប្រកបដោយវិជ្ជាជីវៈ។


ឯកឧត្តមអភិបាលខេត្ត បានជំរុញលើកទឹកចិត្តដល់កងកម្លាំង ត្រូវសហការជាមួយប្រជាពលរដ្ឋ ដើម្បីផ្តល់ការរាយការណ៍មកអាជ្ញាធរ សមត្ថកិច្ច ទាក់ទងការងារសន្តិសុខ សណ្តាប់ធ្នាប់ ការអភិវឌ្ឍមូលដ្ឋាន និងសូមផ្តល់ការសម្របសម្រួល ការសម្ងាត់ និងភាពងាយស្រួលជូនប្រជាពលរដ្ឋដែលបានផ្តល់ការរាយការណ៍ ។


ឯកឧត្តមអភិបាលខេត្តក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់គណៈបញ្ជាការរដ្ឋបាលខេត្តដែល បានខិតខំរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ទទួលបានលទ្ធផលគួរជាទីមោទនៈ ។


ឯកឧត្តមបាន ជំរុញ និងលើកទឹកចិត្តដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង ជាពិសេស ការចូលរួមក្នុងការ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។


ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានធ្វើការប្រគល់ជូននូវបណ្ណសរសើរដល់រដ្ឋបាលឃុំនីមួយៗ ដែលបានអនុវត្តនៅគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានល្អប្រសើរ និងថតរូបអនុស្សាវរីយ៍ផងដែរ ៕