You are currently viewing ក្រសួងកសិកម្ម ជំរុញការបង្កើតតម្លៃបន្ថែមលើកសិផលតាមរយៈ “ឡសម្ងួត” ដើម្បីពង្រឹងភាពធន់នៃទីផ្សារជូនកសិករខេត្តត្បូងឃ្មុំ

ក្រសួងកសិកម្ម ជំរុញការបង្កើតតម្លៃបន្ថែមលើកសិផលតាមរយៈ “ឡសម្ងួត” ដើម្បីពង្រឹងភាពធន់នៃទីផ្សារជូនកសិករខេត្តត្បូងឃ្មុំ

( ត្បូងឃ្មុំ ): ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្រ «ប្រមូលផ្តុំកសិផល និងសម្ងួតមុនលក់» ដែលជាគន្លឹះដ៏សំខាន់ក្នុងការបង្កើតការងារ បង្កើនតម្លៃបន្ថែម និងធានាបាននូវស្ថិរភាពតម្លៃជូនកសិករ ទោះបីស្ថិតក្នុងកាលៈទេសៈទីផ្សារមានការប្រែប្រួលក៏ដោយ ។


គណៈប្រតិភូជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំដោយ ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ នាយកកម្មវិធី ASPIRE-AT, ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា ប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង CFAVC និង ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ ប្រធានគណៈកម្មាធិការតម្រង់ទិសកម្មវិធី ASPIRE-AT រួមជាមួយ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃ «សហគមន៍កសិកម្មជីរោទ៍រុងរឿង» ក្នុងស្រុកត្បូងឃ្មុំ នារសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៦ ។


តាមរយៈការគាំទ្រពីគម្រោងខ្សែសង្វាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) សហគមន៍កសិកម្មជីរោទ៍រុងរឿង បានប្រែក្លាយខ្លួនពីកសិករលក្ខណៈគ្រួសារ ទៅជាម្ចាស់អាជីវកម្មកសិ-ពាណិជ្ជកម្មគំរូ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឡសម្ងួតពោតក្រហម ដែលមានសមត្ថភាពសម្ងួតបាន ៥០តោនក្នុងមួយថ្ងៃ និងមានឃ្លាំងស្តុកចំណុះ ១០០ តោន ។


ជាលទ្ធផលជាក់ស្តែងក្នុងឆ្នាំ ២០២៦ នេះ សហគមន៍បានអនុវត្តយន្តការផលិតកម្មតាមកិច្ចសន្យា ដោយប្រមូលទិញពោតសើមពីកសិករមកសម្ងួត និងលក់ចេញបានចំនួន ១៥០តោន គិតជាទឹកប្រាក់ប្រមាណ ៤២.០០០ ដុល្លារអាមេរិក ជាមួយគ្នានេះ សហគមន៍ក៏បានធ្វើទំនើបកម្មគ្រឿងចក្រតាមរយៈកម្មវិធី ASPIRE-AT ដោយបានស្នើសុំឥណទានទិញត្រាក់ទ័រ ដើម្បីផ្តល់សេវាភ្ជួររាស់ក្នុងតម្លៃសមរម្យជូនសមាជិកផងដែរ ។


ឯកឧត្តម គន់ រ័ត្នមុនី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយុទ្ធនាការផ្សព្វផ្សាយ និងគាំទ្រផលិតផលកសិកម្មក្នុងស្រុកឱ្យកាន់តែទូលំទូលាយ ក្នុងន័យនេះ រដ្ឋបាលខេត្ត បានត្រៀមលក្ខណៈរួចជាស្រេច ដោយមានមន្ទីរកសិកម្មរក្ខាប្រមាញ់ និងនេសាទខេត្ត ជាសេនាធិកាផ្ទាល់ ក្នុងការចាត់មន្ត្រីជំនាញចុះជួយសម្របសម្រួល បង្កលក្ខណៈងាយស្រួល និងផ្តល់បច្ចេកទេសពង្រឹងគុណភាពផលិតផលឱ្យស្របតាមតម្រូវការទីផ្សារ ។


ឯកឧត្តមអភិបាលរងខេត្ត បានណែនាំឱ្យមន្ទីរពាក់ព័ន្ធ រៀបចំចងក្រងកសិករជាសហគមន៍ឱ្យបានរឹងមាំ និងកំណត់មុខទំនិញកសិកម្មដែលមានសក្តានុពលប្រចាំតំបន់ ដើម្បីបង្កើនអំណាចនៃការចរចាតម្លៃ និងទាក់ទាញអ្នកបញ្ជាទិញធំៗ ។


ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ការប្រើប្រាស់បច្ចេកវិទ្យា «ឡសម្ងួត» នឹងប្រែក្លាយជីវភាពកសិករខេត្តត្បូងឃ្មុំ ឱ្យកាន់តែមានភាពមាំមួន និងមានចំណូលប្រកបដោយចីរភាព ។


ឯកឧត្តម តូច ប៊ុនហួរ បានផ្តល់នូវប្រសាសន៍គន្លឹះចំនួន ៣ ចំណុច ដើម្បីពង្រឹងសហគមន៍៖
ទំនើបកម្មឡសម្ងួត បង្កើនការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីចំណេញពេលវេលា និងធានាគុណភាពគ្រាប់ពោតតាមស្តង់ដារខ្ពស់ យុទ្ធសាស្ត្រទីផ្សារនាំមុខ ចាប់ដៃគូជាមួយវិស័យឯកជនឱ្យបានមុនពេលចាប់ផ្តើមដាំដុះ ដើម្បីធានាតម្លៃ និងទីផ្សារច្បាស់លាស់។


ការប្រើប្រាស់ពូជខ្មែរ៖ ជំរុញការប្រើប្រាស់ពូជពោតថ្មីរបស់កម្ពុជា ដែលធន់នឹងអាកាសធាតុ ផ្តល់ទិន្នផលខ្ពស់ និងប្រើរយៈពេលខ្លី ។


សូមបញ្ជាក់ថា ខេត្តត្បូងឃ្មុំ គឺជាតំបន់ផលិតកម្មពោតក្រហមដ៏ធំមួយរបស់កម្ពុជា ដែលមានផ្ទៃដីដាំដុះសរុប ១១.៨៥៥ ហិកតា តាមដងទន្លេមេគង្គ និងផ្តល់ទិន្នផលរហូតដល់ជាង ៧ ម៉ឺនតោនក្នុងមួយឆ្នាំ ការពង្រឹងសហគមន៍តាមរយៈបច្ចេកវិទ្យាសម្ងួតនេះ គឺជាជំហានយុទ្ធសាស្ត្រក្នុងការលើកកម្ពស់សេដ្ឋកិច្ចជនបទឱ្យមានភាពរឹងមាំ និងចីរភាព ៕