( ត្បូងឃ្មុំ ): រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីបើកបវេសនកាលពុទ្ធិកសិក្សាទូទាំងខេត្ត សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដោយផ្ដោតលើការពង្រឹងគុណភាពអប់រំ និងបរិវត្តកម្មឌីជីថល នារសៀលថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦ ។

ពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសមាធិធម្ម យិត្ត សុខា ព្រះមេគណខេត្ត ឯកឧត្តម ឆាត សុឆេត រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ក្រសួងធម្មការ និងសាសនា និងលោក គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ រួមជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាព និងសមណសិស្ស-សិស្សានុសិស្សសរុបប្រមាណ ៨០០ អង្គ/នាក់ ។

លោក គន់ រ័ត្នមុនី បានមានប្រសាសន៍ថា បើតាមរយៈ របាយការណ៍របស់លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកអភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ និងបានសម្តែងនូវការកោតសរសើរចំពោះមន្ទីរធម្មការ និងសាលាគណខេត្ត ដែលបានសហការគ្នាយ៉ាងល្អប្រសើរ ក្នុងការជំរុញឱ្យវិស័យអប់រំពុទ្ធសាសនានៅក្នុងខេត្តត្បូងឃ្មុំ កាន់តែមានសន្ទុះរីកចម្រើនខ្លាំងក្លាបន្ថែមទៀត សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នេះ ។

លោក គន់ រដ្ឋមុនី បានគូសបញ្ចាក់ថា ភាពរីកចម្រើននៃវិស័យពុទ្ធចក្រ និងសុខដុមនីយកម្មសាសនានៅក្នុងខេត្ត ដែលសម្រេចបានក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ។

លោកអភិបាលរងខេត្តសង្កត់ធ្ងន់ថា វត្តអារាមមិនត្រឹមតែជាកន្លែងសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសីលធម៌ និងចំណេះដឹងដ៏សំខាន់សម្រាប់សង្គមជាតិ ។

ឯកឧត្តម ឆាត សុឆេត បានគូសបញ្ជាក់ថា វិស័យពុទ្ធិកសិក្សាកំពុងធ្វើការផ្លាស់ប្តូរយ៉ាងសកម្មទៅកាន់ «បរិវត្តកម្មឌីជីថល» ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមបានដាក់ចេញនូវកត្តាគន្លឹះចំនួន ៤ ដើម្បីលើកកម្ពស់គុណភាពអប់រំ គឺសាលារៀន ត្រូវមានបរិស្ថានសិក្សាល្អ និងអភិបាលកិច្ចច្បាស់លាស់ គ្រូបង្រៀន ត្រូវមានគុណវុឌ្ឍិខ្ពស់ និងជំនាញបច្ចេកវិទ្យា សិស្ស ត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងឥរិយាបថវិជ្ជមាន សហគមន៍ ត្រូវមានកិច្ចសហការជិតស្និទ្ធរវាងវត្តអារាម និងពុទ្ធបរិស័ទ ។

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះរាជតំណាងសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកនៃកម្ពុជា បានផ្តល់សង្ឃដីកាអប់រំ និងក្រើនរំលឹកដល់ភិក្ខុ សាមណេរទាំងអស់ ឱ្យរក្សាតម្លៃនៃសមណភេទ តាមរយៈការប្រកាន់ខ្ជាប់នូវ «អភិសមាចារ្យ» (មារយាទដ៏សមគួរ) ដើម្បីក្លាយជាទីសក្ការៈ និងជាវាលបុណ្យដ៏ជ្រះថ្លារបស់ពុទ្ធបរិស័ទ ។

សម្តេចបណ្ឌិត ក៏បានជំរុញឱ្យមន្ត្រីសង្ឃ និងសមណសិស្សទាំងអស់ ធ្វើទំនើបកម្មលើការសិក្សា និងការគ្រប់គ្រងក្នុងយុគសម័យឌីជីថល ដោយត្រូវអភិវឌ្ឍខ្លួនឱ្យក្លាយជា «មូលធនមនុស្ស» ដែលមានសមត្ថភាព និងភាពឆ្លាតវៃ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម ។

សម្តេចបានរំលឹកថា វត្តអារាមគឺជាជម្រកចំណេះដឹងតាំងពីបុរាណកាលមក ហើយក្រោមការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ តែងត្រូវបានលើកតម្កើងយ៉ាងខ្ពង់ខ្ពស់បំផុត ។

សម្តេចព្រះមហាអរិយវង្ស បានអំពាវនាវដល់គណៈសង្ឃ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមសហការគ្នាការពារតម្លៃព្រះពុទ្ធសាសនាឱ្យកាន់តែរឹងមាំ ដើម្បីជាគ្រឹះនៃសន្តិភាព និងសីលធម៌សង្គមជានិរន្តរ៍ ៕
